(ភ្នំពេញ)៖ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងការិយាល័យ ទំនាក់ទំនងសាធារណៈ និងជាអ្នកសម្របសម្រួលមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសប្តាហ៍នេះ បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ជិត៤០លានរៀល ទៅជូនក្រុមគ្រួសារលោកវរសេនីយ៍ត្រី ឡុង យ៉ន មេបញ្ជាការ «គ» បញ្ចូនសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណភាព ក្នុងជន្មាយុ៤៧ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានផ្តាំផ្ញើដល់គ្រួសារសពលោកវរសេនីយ៍ត្រី ឡុង យ៉ន ថា បើទោះបីឋិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ កងរាជអាវុធហត្ថ ទូទាំងប្រទេស ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា គឺតែងតែយកចិត្តទុកដាក់ ជួយដល់បងប្អូនកងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក ដូចជាពេលនេះជាដើម ដោយមិនប្រកាន់លើលក្ខខណ្ឌណាមួយឡើយ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបញ្ជាក់បន្ថែមទៀតថា មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានសបញ្ជាក់ឲ្យឃើញ អំពីស្មារតីសាមគ្គីភាព ក្នុងនាមមហាគ្រួសារ កងរាជអាវុធហត្ថ ដោយការជួយយកអាសារ ជួយគ្នាទៅវិញទៅមក នៅពេលដែលជួបទុក្ខលំបាក បើទោះបីជាឋិតក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ៕