(រតនគិរី)៖ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ និងដើម្បីលើកកម្ពស់ ពីសុវត្ថិភាព ចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូល ខេត្តរតនគិរី បានសហការជាមួយមន្រ្តីពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ បន្តចុះត្រួតពិនិត្យផ្សារកូនមុំ ផ្សារបាលុង និងតាមម៉ាតតេលា ដើម្បីពិនិត្យភេសជ្ជៈ បន្លែ សាច់ និងផ្លែឈើ ដែលដាក់តាំងលក់។
មន្រ្តីកាំកុងត្រូលសាខារខេត្តរតនគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនៅផ្សារទាំងពីរខាងលើ មន្រ្តីជំនាញក៏បានដកហូតទំនិញហួស កាលបរិច្ឆេទ ដូចជា៖ ទឹកក្រូចចម្រុះ និងទំពាំង បាយជូក្រៀម១គីឡូកន្លះ ដោយសរុបទម្ងន់ទាំងអស់៥០គីឡូក្រាម។
ជាមួយគ្នានោះ មន្រ្តីជំនាញកាំកុងត្រូល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងជាពិសេសអាជីវករសូមកុំយកបន្លែ ផ្លែឈើនិងទំនិញដែលខូច គុណភាព និងហួសកាលបរិច្ឆេទ យកមកលក់បន្តទៀត។
មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយតែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅផ្សារបានលុង និងផ្សារកូនមុំ ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូល ក៏បានសំណូមពរ ដល់អាជីវករ ទាំងអស់ សូមកុំខឹងមន្រ្តីកាំកុងត្រូល ដែលចុះទៅពិនិត្យ និងដកហូតទំនិញខូចគុណភាពទាំងនោះ ព្រោះថា បើមិនដកហូតទេ មិនដឹងថា ប្រជាពលរដ្ឋ ប៉ុន្មាននាក់ ដែលនឹងទទួលទានផលិតផលនេះហើយបណ្តាលអោយខូចសុខភាពនោះឡើយ។
មន្រ្តីកាំកុងត្រូលក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕