(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីបិទបញ្ចប់ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០១៨នេះ ដែលមានការចូលរួមពីមហាជន និងវ័យចំណាស់ ដែលមានកម្រិត U12, U16, U18 ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប្រព្រឹត្តិការាណ៍នេះដែរ បានធ្វើការពីបិទបញ្ចប់នៅ រសៀលថ្ងៃអង្គារ៍ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ដែលមានការចូលរួមពីលោក ឈូ ប៊ុនរឿង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងយុវជនជាច្រើនទៀត នៅតារាងបាល់ទាត់ Happy Sport Club ដែលស្ថិតនៅភូមិសែសិន សង្កាត់សែសិន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ឈូ ប៊ុនរឿង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មន្ទីរបានរៀបចំការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីប្រមូលផ្តុំកីឡាករឲ្យមានឱកាសរួមចំណែករំលែកបទពិសោធន៍ ពង្រឹងកាយសម្បទា បង្កើនកម្លាំងបញ្ញាស្មារតី និងជៀសផុតអំពើអសកម្មផ្សេងៗក្នុងសង្គម។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ លើការរៀបចំនូវគោលនយោបាយជាតិ ស្ដីពី ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ក្នុងទិសដៅជាយុទ្ធសាស្ត្រសម្រាប់រយៈពេលវែង។
លោកបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានឈរលើមូលដ្ឋាន នៃយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានេះ ក្រសួងបានសិក្សាលើ គ្រប់ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ និងស្វែងយល់ពីគន្លឹះក្នុងទិសដៅដោយធ្វើឲ្យមានប្រសិទ្ធភាព ស្របតាមផែនការយុទ្ធសាស្ត្រ នៃការធ្វើកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដើម្បីឈានទៅដណ្តើម មេដាយជូនជាតិ និងប្រជាជននៅលើឆាកអន្តរជាតិ ពិសេសនៅក្នុងឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតស៊ីហ្គេម ដែលកិច្ចការនេះបានរួមចំណែកយ៉ាងពិតប្រាកដ នៃការអភិវឌ្ឍជាតិមាតុភូមិ។
សូមបញ្ជាក់ដែរថា ក្រុមកីឡាករចូលរួមប្រកួតនាពេលនោះមានចំនួន ៣២ក្រុម ហើយលទ្ធផលនៃការប្រកួតមានដូចជា៖
-ចំណាត់ថ្នាក់លេខ១ U12 គឺសាលាបឋមសិក្សាកំពង់ស្វាយ U16 វិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ និងU18 សាលាបាល់ទាត់តម្រង់ទិស ដោយក្នុងមួយក្រុមៗទទួលបានថវិកា ៧០០,០០០រៀល
-ចំណាត់ថ្នាក់លេខ២ សម្រាប់ U12 គឺសាលារៀនសុវណ្ណភូមិ ក្រុងសិរីសោភ័ណ U16 វិចតូរី ក្រុងប៉ោយប៉ែត និងU18 គឺវិទ្យាល័យហ៊ុនសែនខ្លាកូន ដោយក្នុងមួយក្រុមៗទទួលបានថវិកា ៦០០,០០០រៀល
-ចំណាថ្នាក់លេខ៣ U12 គឺវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ U16 វិទ្យាល័យសិរីសោភ័ណ និងU18 គឺវិទ្យាល័យហ៊ុនសែនឈ្នួរមានជ័យ ដោយក្នុងមួយក្រុមៗទទួលបានថវិកា ៥០០,០០០រៀល
-ចំណាថ្នាក់លេខ១ ផ្នែកមហាជន គឺសកលវិទ្យាល័យUME ផ្នែកវ័យចំណាស់ គឺក្រុម Happy Team ដោយក្រុមនីមួយៗទទួលបានថវិកា ១,០០០,០០០រៀល
-និងចំណាត់ថ្នាក់លេខ២ ផ្នែកមហាជន គឺក្រុមស៊ីសុផុន ផ្នែកវ័យចំណាស់ ក្រុមស្រមោចខ្មៅ ដោយក្រុមនីមួយៗទទួលបានថវិកា ៨០០,០០០រៀលផងដែរ៕