(សៀមរាប)៖ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានធ្វើពិធីផ្សព្វផ្សាយ និងចែកមួកសុវត្ថិភាពដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលឧបត្ថម្ភដោយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមវត្តមានលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប។
តាមរបាយការណ៍របស់មន្ទីរក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ២៥ករណី បណ្តាឲ្យស្លាប់មនុស្ស ២១នាក់ របួសធ្ងន់ ១៦នាក់, ស្រាល ១៥នាក់ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយម៉ូតូ ១៥ករណី, និងរថយន្ត ១១ករណី ធ្វើឲ្យខូចខាតម៉ូតូចំនួន ២៥គ្រឿង, រថយន្តតូច ៩គ្រឿង, រថយន្តធំ ១គ្រឿង និងយានផ្សេងៗ ១គ្រឿង។ ក្នុងនោះដែរ ក៏មានការចាក់បញ្ចាំង អំពីឯកសារផ្សព្វផ្សាយអប់រំ ស្តីពីករណីដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងការបង្ហាញពីភាពធ្វេសប្រហែស ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ភាពងងុយដេក និងកត្តាយានយន្តផងដែរ។
កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ លោក គឹម ប៉ុណ្ណា បានធ្វើការកោតសរសើរផងដែរ ចំពោះលទ្ធផល ដែលមន្ទីរសម្រេចបាននាឆ្នាំចាស់ ក៏ដូចជាការខិតខំប្រឹងប្រែង ពីបណ្តាអស់លោក លោកស្រីថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ និងកិច្ចសន្យា ដែលជាសេនាធិការឲ្យមន្ទីរ ធ្វើឲ្យមន្ទីរសម្រេចបានទៅតាមផែនការរបស់ក្រសួង និងខេត្ត បានប្រគល់ជូន។ ម៉្យាងវិញទៀតរាល់ការងារដែលនៅសេសសល់ពីឆ្នាំចាស់ យើងត្រូវរួមសហការអនុវត្តបន្តនៅឆ្នាំថី្ម ឲ្យទទួលបានជោគជ័យបន្ថែមទៀត។
ក្នុងនោះដែរ លោកក៏បានធ្វើការអប់រំ ណែនាំ ព្រមទាំងធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់មន្ត្រីរាជការក្រោមឱវាទរបស់ខ្លួន ដែលជាអង្គភាពអនុវត្តច្បាប់ចរាចរណ៍ ឲ្យកាន់តែយល់ច្បាស់បន្ថែមទៀត។ ក្នុងនោះលោកប្រធានក៏បានធ្វើការជម្រុញ ដល់មន្ត្រីជំនាញនៃច្បាប់ចរាចរណ៍ ទាំងថ្នាក់ខេត្ត ក្រុង-ស្រុក គឺត្រូវបង្កើនការជម្រុញ ធ្វើការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ នៅក្នុងមូលដ្ឋានខ្លួន ស្របពេលដែលប្រជាពលរដ្ឋយើង ត្រៀមលក្ខណៈទទួលសាទរទេវតាឆ្នាំថ្មីនាថ្ងៃខាងមុខ។
លោកបន្តថា នូវពេលធ្វើការបញ្ជាបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងបង្កើតការត្រួតពិនិត្យរថយន្តតទ្រុងខុសបច្ចេកទេស និងផ្ទុកទំនិញលើសទម្ងន់ផងដែរ ដែលម៉្យាងទៀតឲ្យបងប្អូនយើង យល់អំពីសុវត្ថិភាពចរាចរណ៍ ដែលតែងបង្កឲ្យមានហានិភ័យ បណ្តាមកពីការមិនពាក់មួកសុវត្ថិភាព។
លោកបានគូសបញ្ជាក់ថា ក្រោមបទបញ្ជារបស់រាជរដ្ឋាភិបាល ការណែនាំរបស់ របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត មន្ទីរបានបើកយុទ្ធនាការចែកមួកសុវត្ថិភាពនេះ នៅមុនពេលបុណ្យចូលឆ្នាំថ្មីចូលមកដាល់ មន្ទីរនឹងបញ្ចុះមន្រ្តីជំនាញ ដើមី្បធ្វើការផ្សព្វផ្សាយ អប់រំ និងចែកមួកសុវត្ថិភាព នៅតាមដងផ្លូវសំខាន់ៗ ដោយកិច្ចសហការ ជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ក្នុងការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ដោយបងប្អូនប្រជាពល រដ្ឋមួយចំនួននៅមិនពាក់មួកសុវត្ថិភាព, មិនគោរពច្បាប់ចរាចរណ៍ និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។
លោកក៏បានឲ្យដឹងបន្តទៀតថា «បច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាចំណោទសម្រាប់យើងទាំងអស់គ្នា នៅពេលបើកបរត្រូវគោរពឲ្យខាងតែបាន នូវច្បាប់ចរាចរណ៍ ត្រូវប្រកាន់ ភ្ជាប់នូវសីលធម៌១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍។ ដូច្នេះយើងគ្រប់រូបពេលបញ្ជាយានយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់ និងបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នករួមដំណើរផងដែរ។ យុទ្ធនាការនេះ ក៏ជាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ជាការដាក់ទឿនដល់អ្នកបើកបរគ្រប់រូប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងការបញ្ជៀសកុំឲ្យមានកើតឡើងនូវភាពអភមង្គល ដល់បងប្អូនប្រជាពលរដ្ឋយើង»។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិនគោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ ដើម្បីថែរក្សាអាយុជីវិតរបស់ខ្លួន ជាសំខាន់អ្នកដែលជាទីស្រឡាញ់ ជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចំរើនប្រកបដោយចិរភាព៕