(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីសំណេះសំណាល សម្ដែងនូវការនឹករលឹក ផ្ដល់ភាពកក់ក្ដៅ និងបង្ហាញអំពីស្មារតីគិតគូរដល់ និវត្តជន (អតីតមន្ត្រីរាជការ) ដែលធ្លាប់មានគុណបំណាច់ក្នុងការបម្រើការងារជូនក្រសួង និងម្យ៉ាងដើម្បីជាការអបអរសារទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលឈានជិតចូលមកដល់ក្នុងខាងនេះ។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នេះបានឲ្យដឹងថា ពីធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគម អង្គភាពក្រោមឱវាទក្រសួង និងលោក លោកស្រីជាប្រធាន អនុប្រធាជាច្រើនសរុបប្រមាណ៥០០នាក់ផងដែរ។
ក្នុងពិធីនេះដែរ លោកបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរាយការណ៍សង្ខេបអំពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពរបស់សមាគមថា សមាជិកសមាគមបានកើនឡើងពី ២,០២៤រូប ក្នុងឆ្នាំ២០១៥ ដល់៤,៧៨៦រូប ក្នុងឆ្នាំ២០១៨នេះ។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគម បានថ្លែងសំណេះសំណាលជាមួយនិវត្តជន ដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះនិវត្តជន តាមរយៈការផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើន ក្នុងនោះ ការផ្ដល់ជូននូវប្រាក់សោធននិវត្តន៍ ប្រចាំខែ សម្រាប់មន្ត្រីរាជការដែលបានចូលនិវត្ត ត្រូវបានដំឡើងជាបន្ដបន្ទាប់ និងផ្ទេរត្រង់ចូលក្នុងគណនីធនាគាររបស់មន្ត្រីរាជការ
លោកបន្តថា ការរៀបចំ និងដាក់ឲ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីរាជការ សាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីរាជការសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន របស់បេឡាជាតិរបបសន្ដិសុខសង្គម ព្រមទាំងទទួលបានការយកចិត្តទុកដាក់ ដោយស្នើឲ្យបំពេញមុខងារផ្សេងៗក្នុងមូលដ្ឋាន ជាសមាសភាពក្រុមប្រឹក្សាឃុំ-សង្កាត់, ក្រុមប្រឹក្សាក្រុង ស្រុក-ខណ្ឌ និងក្រុមប្រឹក្សារាជធានី-ខេត្ត និងជាទីប្រឹក្សានៅតាមក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋផ្សេងៗទៀត ជាដើម។
លោកបានគូសរំលេចបន្ថែម អំពីអត្ថប្រយោជន៍របស់មន្ត្រីរាជការដែលជានិវត្តជនដែលទទួលបានការយកចិត្តទុកដាក់ បន្ថែមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការចូលរួមក្នុងសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងត្រូវទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ សម្ភារៈ និងស្មារតី រវាងសមាជិកសមាគមទាំងអស់ ដែលជាបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមបាវចនាបី គឺ «មិត្តភាព សាមគ្គីភាព សង្គហធម៌»។
លោកបន្តថា ប្រាកដណាស់ថា ភាគទានមរណូបត្ថម្ភ ប្រាក់ឧបត្ថម្ភសមាជិកចាកចេញពីការងារដោយមូលហេតុបាត់បង់សម្បទាវិជ្ជាជីវៈ និងប្រាក់ឧបត្ថម្ភផ្នែកសង្គហធម៌ផ្សេងៗទៀត ដែលទទួលបានពីការបង់វិភាគទានរបស់សមាជិកសមាគម និងដែលបានផ្ដល់ជូនទៅមន្ត្រីរាជការ មិនមានចំនួនធំធេងអាចបំពេញសេចក្ដីត្រូវការចាំបាច់បានគ្រប់គ្រាន់ ក្នុងកាលៈទេសៈនីមួយៗនោះឡើយ ក៏ប៉ុន្តែនេះជាសកម្មភាពរូបរួមគ្នាជាធ្លុងមួយ ដែលបានបញ្ជាក់ និងបង្ហាញនូវស្មារតីសាមគ្គីភាពរវាងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយាយដោយឡែក និងស្មារតីសាមគ្គីភាពជាតិរវាងប្រជាពលរដ្ឋ ក្នុងការរូបរួមជួយគ្នាក្នុងគ្រាមានអាសន្ន អន្ធក្រ និងនិយាយជារួម ក្នុងសា្មរតីរូបរួមគ្នា គឺ «សាមគ្គីជាកម្លាំង សង្គហធម៌ជាផ្លូវ»៕