(ភ្នំពេញ)៖ បន្ទាប់ពីពិភាក្សា និងត្រួតពិនិត្យចំពោះសំណើរថ្នាក់មូលដ្ឋាន ចំពោះការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតហើយនោះ ក្រសួងយុត្តិធម៌ នៅពេលនេះ បានសម្រេចស្នើសុំប្រមុខរាជរដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយទោសដល់ទណ្ឌិត៤២រូប និងលើកលែងទោសដល់ទណ្ឌិត៨រូប សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ នេះបើតាមលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។
លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណៈកម្មការជាតិ បានពិនិត្យ និងសម្រេចស្នើសុំការអនុគ្រោះទោសដល់ទណ្ឌិតសរុប៥០រូប(ស្ត្រី៦រូប) ក្នុងនោះបន្ថូរបន្ថយទោសដល់ទណ្ឌិតចំនួន៤២រូប និងលើកលែងទោសដល់ទណ្ឌិតចំនួន៨រូប សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ក្នុងចំណោមបញ្ជីដែលបានស្នើសុំពីគណៈកម្មការក្រសួងមហាផ្ទៃ និងគណៈកម្មការរាជធានីខេត្តចំនួន៣២១រូប»។
សូមបញ្ជាក់ថា ក្នុងមួយៗឆ្នាំ កម្ពុជាបានលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៣លើក រួមមាននៅបុណ្យចូលឆ្នាំ បុណ្យអុំទូក និងបុណ្យពិសាខបូជា។ ការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតនេះ ធ្វើឡើងតាមសំណើរបស់នាយករដ្ឋមន្រ្តី។
ទោះជាយ៉ាងនេះក្តី នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា សម្តេចមិនឱ្យដាក់ស្នើលើកលែងទោស ឬបន្ធូរបន្ថយទោស សម្រាប់ទណ្ឌិតនៅក្នុងបទល្មើសប្លន់ប្រដាប់អាវុធ និងឈ្មួញគ្រឿងញៀនធំៗនោះទេ៕