(កំពង់ស្ពឺ)៖ យុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទ «កំពង់ស្ពឺជាផ្ទះរបស់ខ្ញុំ» ដែលរៀបចំធ្វើឡើងដោយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ធ្វើឡើងក្នុងបំណងដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំចរ សំរិទ្ធស័ក ព.ស២៥៦២ ដែលនឹងឈានចូលថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ។
ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិតីភាពលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, លោក ព្រុំ វណ្ណៈ អភិបាលរងខេត្ត, មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, ក្រុមយុវជន ស.ស.យ.ក, លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៧០០នាក់។
លោក ព្រុំ វណ្ណៈ អភិបាលរងខេត្តតំណាងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា បរិស្ថានត្រូវបានយកចិត្តទុកដាក់ដើម្បីសុខមាលភាព និងសោភ័ណ្ឌភាពជុំវិញខេត្តកំពង់ស្ពឺទាំងមូល ហើយសង្ក្រាន្តកំពង់ស្ពឺឆ្នាំ២០១៨នេះ ត្រូវបានរៀបចំឡើងដោយគិតគូរចាំបាច់ចំពោះបរិស្ថានជាចម្បង។
លោកអភិបាលរងបន្តថា ប្រជាជនដែលមានដំណើរកំសាន្ត ក្នុងឱកាសឆ្នាំថ្មីរយៈពេល៣ថ្ងៃខាងមុខនេះ សូមនាំគ្នាថែរក្សាបរិស្ថានដោយរដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថាន បានរៀបចំជាធុងសំរាមតាមសួនកំសាន្ត ទីធ្លារលក់ដូរនៅជុំវិញទីរួមខេត្តទាំងមូល។
លោក ឈឺន សុធន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា យុទ្ធនាការសម្អាតបរិស្ថាននាពេល ដើម្បីចូលរួមការពារបរិស្ថាន ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរយៈ០៣ថ្ងៃខាងមុខ ក្នុងនោះមន្ទីរបរិស្ថាន បានត្រៀមប្រើប្រាស់សម្ភារទុកដាក់សំរាមជាច្រើន តាមបណ្តាកន្លែងលក់ដូរ ទីប្រជុំជន សួនច្បារ។ល។ ធ្វើបដាផ្សព្វផ្សាយដល់មហាជន ឲ្យបានយល់ដឹងពីបញ្ហាបរិស្ថាន និងសុខមាលភាពាំបាច់ដែលកើតចេញពីបរិស្ថាន។
សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺជារៀងរាល់ឆ្នាំ តែងតែធ្វើយុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទជាច្រើនដូចជា «ខ្ញុំស្រឡាញ់កំពង់ស្ពឺ, តោះនាំគ្នាសម្អាតផ្ទះយើង, កំពង់ស្ពឺជាផ្ទះរបស់ខ្ញុំ» ដែលប្រធានបទទាំងអស់ ត្រូវបានលើកយកមកអនុវត្ត ក្នុងពេលមានពិធីបុណ្យជាតិធំៗរាល់ឆ្នាំ៕