(កំពង់ចាម)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រី សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មាការផ្សារ ចុះពិនិត្យទំនិញនៅផ្សារបុសខ្នុរ ស្រុកចំការលើ ដោយបានរកឃើញនំមួយចំនួន ហួសកំណត់ការប្រើប្រាស់។
លោក ស៊ាន ស៊ីណាត បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ មានគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ លោបានបន្តថា ការទទួលខុសត្រូវលើ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញមួយចំនួន មាននំកញ្ចប់ មានចំនួន១៤១៦កញ្ចប់ ហួសការបរិច្ឆេទប្រើប្រាស់ ហើយធ្វើការដកហូតយកទុកផងដែរ។
ជាចុងក្រោយ លោក ស៊ាន ស៊ីណាត បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តកំពង់ចាម សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តឲ្យបានញឹកញាប់បន្ថែមទៀត៕