(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកដាក់ឲ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិសម្តេចផ្ទាល់ធ្វើជាប្រធានកិត្តិយស។ ពិធីធ្វើឡើងនៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឌបណ្ឌិត បានសម្រេចចូលរួមបរិច្ចាក៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដល់មូលនិធិគន្ធបុប្ជារយៈពេល៥ឆ្នាំ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមួយ ដែលកុមារកម្ពុជា នឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាពប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។ ច្បាស់ណាស់នេះ គឺជាការសម្រាលបន្ទុកដ៏ធំមួយចំពោះឪពុកម្តាយទាំងអស់គ្នា ទាំងខាងទិដ្ឋភាពហិរញ្ញវត្ថុ និងទាំងខាងផ្លូវចិត្ត។
* សម្តេចតេជោ បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកសាស្ត្រចារ្យ Beat Richner ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានហិរញ្ញវត្ថុ ដើម្បីកសាងនូវសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និយាយជារួម និងដល់កម្ពុជានិយាយដោយឡែក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសដែលតែងតែផ្តល់ការគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងក្នុងទិដ្ឋភាពហិរញ្ញវត្ថុ ក៏ដូចជាបច្ចេកទេស ហើយសម្តេចសង្ឃឹមមុតមាំថា រដ្ឋាភិបាលស្វីសក៏នៅតែជួយជ្រោមជ្រែងបន្តទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានឧបត្ថម្ភគាំទ្រមន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមក ហើយសម្តេចសង្ឃឹមថា នឹងមានការជួយឧបត្ថម្ភគាំទ្របន្តទៀត ដើម្បីអនាគតនៃកុមារដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា នឹងខិតខំរួមគ្នាស្វែងរកនូវយន្តការជាក់លាក់មួយ សម្រាប់ធានានូវនិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យនេះ ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមូលហេតុចំនួន៣ ដែលនាំឲ្យសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គាំទ្រយ៉ាងពេញទំហឹងចំពោះការ បង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា។ មូលហេតុចម្បងៗនោះរួមមាន៖
១៖ ការលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារ គឺជាអាទិភាពចម្បងមួយនៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ន កុមារដែលមានអាយុចាប់ពី៩ឆ្នាំចុះ មានចំនួនប្រមាណ ២០ភាគរយ ហើយបើគិតពីអាយុ ១៤ឆ្នាំចុះ គឺមានចំនួនរហូតដល់ជាង ៣០ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប។ ពួកគេ គឺជាអនាគត ១០០ភាគរយរបស់ប្រទេសកម្ពុជា ដោយពួកគេជាកម្លាំងពលកម្មបម្រើប្រទេសជាតិនាបណ្តាឆ្នាំខាងមុខ និងជាឪពុកម្តាយជំនាន់ក្រោយ។ ហេតុនេះ សុខភាពរបស់ពួកគេ គឺជាកត្តាចម្បងសម្រាប់រីកចម្រើននៃសេដ្ឋកិច្ច និងសង្គមកម្ពុជានាអនាគត។ លើមូលដ្ឋាននៃទស្សនវិជ្ជានេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការវិនិយោគ លើសុខភាពកុមារជាអាទិភាពខ្ពស់បំផុតមួយរបស់ខ្លួន។
២៖ រដ្ឋាភិបាលកម្ពុជាគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ពីព្រោះតែទទួលស្គាល់នូវស្នាដៃ និងគុណភាពនៃការផត្ល់សេវាថែទាំមាតា ទារក និងកុមាររបស់មន្ទីរពេទ្យនេះ។ ក្នុងខណៈដែលថវិកា និងធនធានរបស់រាជរដ្ឋាភិបាលកម្ពុជានៅមានកម្រិត និងមិនអាចអនុញ្ញាតឲ្យសម្រេចបាននូវមហិច្ឆតាបង្កើតមន្ទីរពេទ្យប្រភេទនេះនៅទូទាំងប្រទេសបាន រាជរដ្ឋាភិបាលមានទស្សនវិស័យរក្សាមន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យគំរូដំបូងគេ។ ទោះជាយ៉ាងណាក្តី យើងមានមន្ទីរពេទ្យគន្ថបុប្ផា ៥កន្លែងទៅហើយ។ ចំពោះមុខនេះ យើងប្តេជ្ញាធ្វើអ្វីៗគ្រប់យ៉ាងតាមលទ្ធភាពដែលមាន ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតាំង៥នេះ ឲ្យបន្តផ្តល់សេវាសុខាភិបាល ដោយមិនស្វែងរកប្រាក់ចំណេញ និងផ្តល់ការថែទាំដល់កុមារ ដោយមិនចាំបាច់បង់ប្រាក់ និងដោយមិនមានការរើសអើង។ ជារួមយើងមានមោទនភាពជាខ្លាំង ដែលកម្ពុជាអាចមានមន្ទីរពេទ្យកុមារប្រកបដោយគុណភាព ដែលឆ្លើយតបបានយ៉ាងប្រសើរទៅនឹងតម្រូវការក្នុងការថែទាំ និងព្យាបាលមាតា ទារក និងកុមារ ហើយដែលក្នុងចំណោមនោះ មន្ទីរពេទ្យជ័យវ័រ្មនទី៧ ក្នុងខេត្តសៀមរាប មានផ្តល់សេវាផ្នែកសម្ភព ដោយឥតគិតថ្លៃផងដែរ ដែលជាការរួមចំណែកយ៉ាងសំខាន់ ដល់ការកាត់បន្ថយអត្រាមរណៈរបស់មាតា និងទារកនៅកម្ពុជា។
៣៖ នៅលើទិដ្ឋភាពហិរញ្ញវត្ថុ ទន្ទឹមនឹងការបង្កើនថវិការដ្ឋជាបន្តបន្ទាប់ក្នុបពេលកន្លងមក រួមទាំងការវិភាជន៍ប្រាក់ចំណូលពីទេសចរបរទេសចូលទស្សនាប្រាសាទអង្គរជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផង ពេលនេះគឺជាខណៈដ៏សមរម្យបំផុត ដែលគួរគប្បីមាន «មូលនិធិគន្ធបុប្ផា» មួយផ្ទាល់ខ្លួន។ រាជរដ្ឋាភិបាលទទួលស្គាល់ថា មិនអាចបន្តពឹងផ្អែកលើលោកសាស្ត្រាចារ្យ Beat Richner ជារៀងរហូតនោះទេ ក្នុងការកៀរគរវិភាគទានសប្បុរសធម៌ សម្រាប់ធានាចីរភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដោយសារហេតុនេះ «មូលនិធិគន្ធបុប្ផាប្រទេសស្វីស» អាចនឹងថមថយចុះនៅពេលណាមួយ។ ម្យ៉ាងវិញទៀត កម្លាំងសេដ្ឋកិច្ច ធនធានហិរញ្ញវត្ថុ និងកម្លាំងទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជនក្នុងស្រុក ក៏កាន់តែមានភាពរឹងមាំ រួមជាមួយនឹងឧត្តមគតិ និងឆន្ទៈគាំទ្ររបស់មជ្ឈដ្ឋានសាធារណៈនៅក្នុងប្រទេស ក៏កាន់តែមានភាពរស់រវើកក្នុងការជំរុញសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រើប្រាស់ធនធានរបស់មូលនិធិវិញ នីតិវិធី ត្រូវបានគិតគូររៀបចំរួចជាស្រេច និងត្រូវបានសម្រួលមិនឲ្យមានភាពស្មុគស្មាញ តែធានារក្សាបាន នូវតម្លាភាព និងគណនេយ្យភាពខ្ពស់ព្រមទាំងធានាបានផងដែរ នូវភាពស៊ីសង្វាក់គ្នាជាមួយ «មូលនិធិគន្ធបុប្ផាប្រទេសស្វីស» ក្នុងការបើកផ្តល់ការឧបត្ថម្ភ ដើម្បីធានានូវចីរភាព របស់មន្ទីរពេទ្យគន្ធបុប្ផា។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ទោះបីរាជរដ្ឋាភិបាលបានបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» ក៏ដោយ តែមូលនិធិនេះមិនជំនួយឲ្យ «មូលនិធិគន្ធបុប្ផាប្រទេសស្វីស» នោះឡើយ។ ពោលមូលនិធិទាំងពីរ នឹងដំណើរការទន្ទឹមគ្នា ហើយកិច្ចសហការជាមួយ «មូលនិធិគន្ធបុប្ផាប្រទេសស្វីស» នៅតែមានសារៈសំខាន់ ចំពោះកិច្ចដំណើរការនៃមន្ទីរពេទ្យនេះទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សប្បុរសជនដែលវិភាគទាន៨០លានរៀលឬស្មើ ២ម៉ឺនដុល្លារអាមេរិកឡើងទៅ នឹងក្លាយជាសមាជិកស្ថាបនិក, ៥ពាន់ដុល្លារឡើងទៅសមាជិកកិត្តិយស, ៥០០០រៀលក្នុងមួយខែឬ៦ម៉ឺនរៀលក្នុងមួយឆ្នាំជាសមាជិកគាំទ្រ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទុករយៈពេល ៣ខែ ដើម្បីឲ្យសប្បុរសជននានាចូលរួមជាសមាជិកស្ថាបនិកនេះ។
* សម្តេចតេជោ ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដែលចូលរួមវិភាគទានប្រមាណ ៥ពាន់ដុល្លារឡើងទៅ នឹងក្លាយជាសមាជិកកិត្តិយស។
* សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដែលចូលរួមវិភាគទានប្រមាណ ៥០០០រៀលក្នុងមួយខែ ឬ ៦ម៉ឺនរៀលក្នុងមួយឆ្នាំ នឹងក្លាយជាសមាជិកគាំទ្រ។
* សម្តេចតេជោ បានថ្លែងថា ការបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់មូលនិធិនេះ មិនមែនត្រូវការតែអ្នកមាននោះទេ គឺប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអាចចូលរួមក្នុងសកម្មភាពសង្គ្រោះជីវិតកុមារកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលរួមវិភាគទានសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា មិនមែនជាការបង្ខិតបង្ខំនោះទេ តែជាការចូលរួម ដើម្បីការជួយសង្គ្រោះជីវិតកុមារកម្ពុជា។ សម្តេចតេជោ បានថ្លែងថា កូន និងចៅរបស់សម្តេច ក៏ធ្លាប់បានចូលព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផានេះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាសម្តេចនៅតែកាន់តំណែងជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច នឹងបន្តផ្តល់ការគាំទ្រជាប់មិនដាច់ដល់មន្ទីរពេទ្យគន្ធបុប្ផាសំដៅធានាឲ្យខាងតែបាននូវចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ ក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។
* សម្តេចតេជោ បានប្រកាសថា រដ្ឋាភិបាលដាក់ថវិកាប្រមាណ ១០លានដុល្លារអាមេរិក ជាធនធានបម្រុងទៅក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា។
* សម្តេចតេជោ បានបញ្ជាក់ថា ដរាបណាសម្តេចបន្តធ្វើជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលនឹងផ្តល់ថវិកាប្រមាណ១០លានដុល្លារក្នុងមួយឆ្នាំសម្រាប់ប្រតិបត្តិការរបស់មន្ទីរពេទ្យ និងយ៉ាងតិច ៥លានដុល្លារក្នុងមួយឆ្នាំសម្រាប់ «មូលនិធិគន្ធបុប្ផាកម្ពុជា»។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនដោយប្រកាន់ខ្ជាប់ត្រឹមត្រូវជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ ចូលរួមពង្រឹងគុណធម៌របស់របស់គ្រូពេទ្យនៅកម្ពុជា ក៏ដូចជាបណ្តុះបណ្តាលសមត្ថភាពរបស់ខ្លួន ដើម្បីរក្សា និងពង្រឹងគុណភាពសេវាព្យាបាល និងថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យដែលកំពុងល្អស្រាប់ឲ្យកាន់តែប្រសើរថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ៕