(សៀមរាប)៖ យ៉ាងហោចណាស់មានអ្នកដំណើរ៣នាក់ ត្រូវបានសមត្ថកិច្ចអះអាងថាស្លាប់ និង១៧នាក់ទៀតរងរបួសធ្ងន់ស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន «ថេត ស៊ុនអ៊ូ» បើកធ្លាក់ពីលើស្ពានស្ថិតនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាម៉ោង៣៖៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ។

អធិការស្រុកជីក្រែង លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រថយន្តក្រុងដែលក្រឡាប់ធ្លាក់ស្ពាននេះ ជារបស់ក្រុមហ៊ុនដឹកអ្នកដំណើរ ថេត ស៊ុនអ៊ូ ដែលបណ្តាលឱ្យអ្នករួមដំណើរស្លាប់៣នាក់ ប្រុសទាំងអស់ របួសធ្ងន់៦នាក់ និងរបួសស្រាលចំនួន១១នាក់ ក្នុងនោះក៏មានជនបរទេស២នាក់ផងដែរ។

លោកអធិការមិនទាន់ដឹងអំពីមូលហេតុច្បាស់លាស់ នៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅឡើយទេ ប៉ុន្តែលោកសន្និដ្ឋានថា អាចបណ្តាលមកពីអ្នកបើកបររថយន្តងងុយដេក។

រហូតដល់ពេលនេះ សមត្ថកិច្ចក៏មិនទាន់បញ្ជាក់អំពីអត្តសញ្ញាណអ្នកស្លាប់ និងរបួស ក្នុងហេតុការណ៍ខាងលើនៅឡើយទេ ហើយសមត្ថកិច្ចពាក់ព័ន្ធ កំពុងចុះអន្តរាគមន៍ដោះស្រាយនៅកន្លែងកើតហេតុ។ ​ដោយឡែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈសពជនរងគ្រោះ រួមទាំងរថយន្តផងនោះ បាននិងកំពុងយកចេញមកលើគោក៕