(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកដាក់ឲ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមូលនិធិសម្តេចផ្ទាល់ធ្វើជាប្រធានកិត្តិយស។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនូវសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យជួយព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ។ ក្នុងពិធីពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់អ្នកមានធនធាន និងមហាជនទាំងអស់ចូលរួមគាំទ្រនូវមូលនិធិគន្ធបុប្ផាកម្ពុជា។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដែលចូលវិភាគទានចាប់ពីប្រមាណ ២ម៉ឺនដុល្លារឡើង នឹងក្លាយជាសមាជិកស្ថាបនិក សម្រាប់អ្នកចូលវិភាគទានចាប់ពី៥ពាន់ដុល្លារ នឹងក្លាយជាសមាជិកកិត្តិយស ហើយសម្រាប់អ្នកចូលវិភាគទានប្រមាណ ៥ពាន់រៀលជារៀងរាល់ខែ នឹងក្លាយជាសមាជិកគាំទ្រនៃមូលនិធិគន្ធបុប្ផានេះ។
ជាមួយនឹងការប្រកាសបង្កើតមូលនិធិនេះអ្នកឧកញ៉ា គិត ម៉េង បានប្រគល់ដីមួយកន្លែងតម្លៃជាង ៨លានដុល្លារនៅជិតមន្ទីរពេទ្យគន្ធបុប្ផាជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីដាក់ជាទ្រព្យសម្បត្តិកម្មសិទ្ធិមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។
គិតមកដល់ឆ្នាំ២០១៨ មន្ទីរពេទ្យគន្ធបុប្ផាមានអាយុកាលជាង ២៥ឆ្នាំមកហើយ។ រយៈពេលជាង ២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុបជិត ១៨លានករណីហើយ។
ក្នុងរយៈពេលជាង ២៥ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាសរុបជាង ៦០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ដំណើរការរបស់ខ្លួន។ លោកវេជ្ជបណ្ឌិត Richner បានចាប់ផ្តើមបើកដំណើរការមន្ទីរពេទ្យ មនុស្សធម៌គន្ធបុប្ផាជួយព្យាបាលកុមារកម្ពុជា ដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ ថវិកាសម្រាប់ទ្រទ្រង់ដំណើរការមន្ទីរពេទ្យមួយនេះប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និង ៨.៨% ជាការចូលរួមរបស់រដ្ឋាភិបាលស្វីស (រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ) ក្រៅពីនោះជាការចូលរួមរបស់សប្បុរសជនក្នុង និងក្រៅស្រុក។
មន្ទីរពេទ្យគន្ធបុប្ផាមានចំនួន ៥ទីតាំង ក្នុងនោះ៤កន្លែង នៅរាជធានីភ្នំពេញ និងមួយទីតាំងទៀត នៅខេត្តសៀមរាប៕