(ភ្នំពេញ)៖ នៅចំពោះមុខអ្នកវិនិយោគធំៗជាអ្នកជាប់សែស្រឡាយចិន និងជាជនជាតិចិនផងដែលកំពុងរកស៊ីនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា នឹងការពាររាល់ការរកស៊ីរបស់ពួកគេ តាមរយៈការការពារឲ្យបានជាដាច់ខាតនូវសុខសន្តិភាពកំពុងគ្របដណ្តប់នៅកម្ពុជា។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រនៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងរក្សាឲ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលជាបុព្វហេតុដ៏សំខាន់ សម្រាប់ជំរុញការរកស៊ី និងការវិនិយោគ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងខិតខំការពារអ្នកទាំងឡាយតាំងពីការចាប់ផ្តើមរហូតមកដល់ពេលនេះ នឹងបន្តការពារអ្នកទាំងឡាយនៅទីនេះជាបន្តទៀតតាមរយៈរក្សាឲ្យបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីធានាឲ្យទាំងអស់គ្នាមានការអភិវឌ្ឍរីកចម្រើនទៅមុខទៀត។ យើងត្រូវយល់ដឹងថា សន្តិភាព គឺជាកត្តាមូលដ្ឋានបំផុត ដើម្បីធានាដល់ការអភិវឌ្ឍ វាមិនអាចមានការអភិវឌ្ឍណាមួយនៅក្រោមគ្រាប់បែក គ្រាប់កាំភ្លើងនោះទេ»។
ទន្ទឹមនឹងការប្រកាសការពាររាល់អ្នករកស៊ីរបស់ចិននៅកម្ពុជាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការជឿជាក់ផងដែរថា អ្នកវិនិយោគទាំងនោះ នឹងគាំទ្រនយោបាយចិនតែមួយរបស់សម្តេច ក៏ដូចជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន នយោបាចិនតែមួយនេះ ក៏ជាចំណែកមួយសម្រាប់ជំរុញការរីកលូតលាស់នៃការរកស៊ីរបស់ជនជាតិចិននៅកម្ពុជាផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ «សង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលរួមគាំទ្រនូវនយោបាយរបស់ចំពោះការអនុវត្តន៍នូវគោលនយោបាយចិនតែមួយ និងការលើកកម្ពស់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន។ នេះជាផ្នែកដ៏សំខាន់សង្ឃឹមថា បងប្អូនខ្មែរ-ចិន ដែលមានសែស្រឡាយចិនទាំងអស់នឹងបន្តគាំទ្រគោលនយោបាយរបស់ខ្ញុំចំពោះការអនុវត្តគោលនយោបាយចិនមួយ»។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ធុរកិច្ចជនទាំងអស់រួមគ្នារក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ព្រោះស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច មានចំណែកមិនតូចជាងស្ថេរភាពខាងនយោបាយនោះទេ។ សម្តេចតេជោ បញ្ជាក់ថា ការពង្រឹងឲ្យជាប់ ក្តាប់ឲ្យជាប់នូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ ដើម្បីធានាការលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា។
តំណាងឲ្យសមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិន ឧកញ៉ា ពុង ឃាវសែ ក៏បានប្រកាសគាំទ្រពេញទំហឹងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយនឹងបន្តគាំទ្រការដឹកនាំនេះទៅមុខបន្តទៀត។ ឧកញ៉ា ពុង ឃាវសែ បានថ្លែងថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន និងធានាដល់ការវិយោគរបស់ចិននៅកម្ពុជាផងដែរ៕