(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់សប្បុរសជនទាំងអ្នកមានធនធាន និងប្រជាពលរដ្ឋទូទៅឲ្យចូលរួម បរិច្ចាគថវិកាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចជាប្រធានកិត្តិយស ដើម្បីចូលរួមទ្រទ្រង់ ដល់មន្ទីរពេទ្យគន្ធបុប្ផានៅក្នុងប្រទេសកម្ពុជា។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន រំពឹងថា អ្នកដែលរកស៊ីមានបាននៅលើទឹកដីកម្ពុជា នឹងចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផា ហើយការរួមវិភាគទានទ្រទ្រង់មូលនិធិគន្ធបុប្ផា គឺជាការសាមគ្គីដើម្បីការរស់រានមានជីវិតរបស់កុមារកម្ពុជា។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដែលចូលវិភាគទានចាប់ពីប្រមាណ ២ម៉ឺនដុល្លារឡើង នឹងក្លាយជាសមាជិកស្ថាបនិក សម្រាប់អ្នកចូលវិភាគទានចាប់ពី៥ពាន់ដុល្លារ នឹងក្លាយជាសមាជិកកិត្តិយស ហើយសម្រាប់អ្នកចូលវិភាគទានប្រមាណ ៥ពាន់រៀលជារៀងរាល់ខែ នឹងក្លាយជាសមាជិកគាំទ្រនៃមូលនិធិគន្ធបុប្ផានេះ។
សូមបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា នឹងត្រូវប្រកាសបើកដំណើរដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨៕