(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីកំពូលមួយរូបនៅកម្ពុជា បានសម្រេចបរិច្ចាគដីរបស់លោក១កន្លែង ទំហំ១៣៧២ម៉ែត្រការ៉េ និងមានតម្លៃជាង៨លានដុល្លារ នៅជិតវត្តភ្នំរាជធានីភ្នំពេញ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានកិត្តិយស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងឱកាសអញ្ជើញពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះឲ្យដឹងថា អ្នកឧកញ៉ា គិត ម៉េង បានប្រគល់ដីមួយកន្លែងទំហំ១៣៧២ម៉ែត្រការ៉េ តម្លៃជាង៨លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើជាកម្មសិទ្ធិមូលនិធិគន្ធបុប្ផា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះឧកញ៉ា គិត ម៉េង ដែលមុននេះខ្ញុំបានខ្ចីដីមួយផ្នែក ប្រមាណ១៣០០ម៉ែត្រការ៉េជាង ដែលឥឡូវនេះតម្លៃដីនេះប្រមាណជាង៨លានដុល្លារសហរដ្ឋអាមេរិក ល្ងាចនេះឧកញ៉ា គិត ម៉េង ក៏បានប្រគល់ដីនោះ មកឲ្យុមូលនិធិនេះតែម្តង... ហើយមូលនិធិក៏បានកាត់ទៅជាទ្រព្យសម្បត្តិរបស់មូលនិធិនេះ ហើយក៏ត្រូវផ្ទេរមូលនិធិដែលផ្តល់ដោយឧកញ៉ា គិត ម៉េង នេះជាបណ្ណកម្មសិទ្ធិដីធ្លីរបស់មន្ទីរពេទ្យគន្ធបុប្ជា នេះជាផ្នែកដ៏សំខាន់មួយ»។
នៅក្នុងលិខិតរបស់អ្នកឧកញ៉ា គិត ម៉េង ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅពេលនេះបានឱ្យដឹងថា៖ «ក្នុងឱកាសនេះដែរ ខ្ញុំបាទសូមសម្តែងនូវមនោសញ្ចេតនាអបអរសារទរ ដោយសេចក្តីគោរពដ៏ជ្រាលជ្រៅបំផុតដែល សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានសម្រេចធ្វើជាប្រធានកិត្តិយស “មូលនិធិគន្ធបុប្ផាកម្ពុជា”។ ដើម្បីរួមចំណែកដល់ការបង្កើតមូលនិធិដ៏ថ្លៃថ្លានេះឲ្យមាននីរន្តរភាព ចីរភាព និងមានរចនាសម្ព័ន្ធរឹងមាំ ព្រមទាំងដើម្បីពិធីចាប់ផ្តើមប្រកាសបើកកម្មវិធីមូលនិធិនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់សម្តេចតេជោ ឲ្យមូលនិធិមានទ្រព្យសម្បត្តិ និងទទួលបាននូវការចូលរួមគាំទ្រយ៉ាងសស្រាក់សស្រាំពីប្រជាជន មហាជនជាតិ និងអន្តរជាតិ ខ្ញុំបាទសូមប្រគល់ដីទំហំ១៣៧២ម៉ែត្រការ៉េ ដែលមាន តម្លៃ៨លានដុល្លារ សហរដ្ឋអាមេរិកជូន “មូលនិធិគន្ធបុប្ផាកម្ពុជា” ដែលមានសម្តេចតេជោ ជាប្រធានកិត្តិយស។
សូមបញ្ជាក់ថា ក្នុងពិធីពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង ចំពោះការបរិច្ចាគដីនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន រំពឹងថា អ្នកដែលរកស៊ីមានបាននៅលើទឹកដីកម្ពុជា នឹងចូលរួមវិភាគទានក្នុងមូលនិធិគន្ធបុប្ផា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរួមវិភាគទានទ្រទ្រង់មូលនិធិគន្ធបុប្ផា គឺជាការសាមគ្គីដើម្បីការរស់រានមានជីវិតរបស់កុមារកម្ពុជា៕