(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ រួមជាមួយវិស័យឯកជន មានម្ចាស់អាជីវកម្មទេសចរណ៍ជាដើម នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ បានអនុម័តបង្កើតស្តង់ដារ កម្មវិធីបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈម៉ាស្សា និងផ្តល់ជំនាញបន្ថែមដល់អ្នកជំនាញម៉ាស្សាស្របតាមស្តង់ដាជាតិ ដែលនឹងឆ្លើយតបទៅនឹងស្តង់ដាអាស៊ាន នាពេលអនាគត។
ការអនុម័តនេះ ត្រូវបានធ្វើឡើង ក្រោមអធីបតីភាពរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់លោករដ្ឋមន្ត្រី ថោង ខុន ដោយមានការចូលរួមពីអ្នកជំនាញស្ប៉ា គ្រូបង្គោលជាតិ មន្ត្រីបច្ចេកទេសប្រមាណ ១៥០រូប នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
លោក ប៉ាក់ សុខុម បានឲ្យដឹងថា ការដាក់ចេញកម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈម៉ាស្សា និងផ្តល់ជំនាញបន្ថែមដល់អ្នកជំនាញម៉ាស្សាស្របតាមស្តង់ដាជាតិ ដែលនឹងឆ្លើយតបទៅនឹងស្តង់ដាអាស៊ាន នាពេលអនាគត។
លោកថា ស្តង់ដារជាតិនេះត្រូវបានរៀបចំឡើង ដែលដឹកនាំដោយក្រសួងទេសចរណ៍ និងផ្តល់យោបល់ដោយអ្នកជំនាញម៉ាស្សា គ្រូបង្គោលជាតិ ស្របតាមផែនការយុទ្ធសាស្រ្តក្រសួងទេសចណ៍ ដោយបានខិតខំបណ្តុះបណ្តាលជំនាញថ្មីៗ ដល់យុវជនដែលកំពុងបម្រើការងារ ធ្វើយ៉ាងណាសម្រេចឱ្យបានតាមគោលដៅដូចខាងក្រោម៖
១៖ ឆ្នាំ២០២០ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍កម្ពុជាបានចំនួន ៥០%។
២៖ ឆ្នាំ២០២៥ ទេសចរណ៍កម្ពុជា នឹងសម្រេចបាននូវការងារដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍កម្ពុជាបានចំនួន ១០០% ដោយចូលរួមជំរុញផ្សព្វផ្សាយយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។
៣៖ ឆ្នាំ២០៣០ ទេសចរណ៍កម្ពុជា នឹងចូលរួមសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ SDGs ចំណុចលេខ៤ និងលេខ៨។
សូមរំឭកថា ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិដ៏ខ្លាំងក្លានាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍បានបង្កើតការងារផ្ទាល់បានប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានប្រមាណជិត ១លាននាក់, ឆ្នាំ២០២៥ ជិត ១.២លាននាក់ និងឆ្នាំ២០៣០ បានចំនួន ១.៦លាននាក់ ដោយមិនគិតពីការងារដោយប្រយោលរាប់សិបម៉ឺននាក់ទៀត៕