(ព្រះវិហារ)៖ ស្របពេល ដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខិតជិតចូលមកដល់នោះ ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប បានត្រៀមលក្ខណៈរៀបចំទីកន្លែង ផ្ទះសំបែង ក្នុងការទទួលទេវតាឆ្នាំថ្មីរៀងៗខ្លួន។ នៅតាមរាជធានី ខេត្ត ស្រុក ក្រុង និងតាមរម្មណីយដ្ឋាននានា ក៏ត្រូវបានរៀបចំសម្អាត តុបតែងយ៉ាងស្រស់ស្អាត មានភ្លើងពណ៌ ផ្កាភ្ញី ដើម្បីទទួលទេវតាឆ្នាំថ្មី ក៏ដូចជាទទួលភ្ញៀវទេសចរដែលមកលេងកំសាន្តផងដែរ។
សម្រាប់ខេត្តព្រះវិហារ នៅក្នុងព្រឹត្តិការបុណ្យចូលឆ្នាំថ្មី ក៏នឹងរៀបចំមហាព្រឹត្តិការមហាសង្រ្កាន្ត «ព្រះវិហារមហាសង្រ្កាន្ត ស្រុកសង្គមថ្មី» ដ៏ធំមួយនៅស្រុកសង្គមថ្មី ដែលជារៀងរាល់ឆ្នាំ មិនដែលបានធ្វើធំដល់ថ្នាក់នេះទេ អ្វីដែលអស្ចារ្យជាងនេះ គឺព្រះវិហារមហាសង្រ្កាន ស្រុកសង្គមថ្មី បាននាំមកជាមួយនូវ តារាចម្រៀងល្បីមកពីភ្នំពេញ និងរបាំបូរាណ ដើម្បីសម្ដែអបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ ក្រៅពីនោះក៏មានការរៀបចំតុបតែងភ្លើងលំអរ និងតាំងពពរណ៌លក់ផលិតផល កសិផលរបស់ប្រជាពលរដ្ឋទាំង៥ឃុំ ក្នុងស្រុកសង្គមថ្មីផងដែរ
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី បានឲ្យដឹងថា ព្រះវិហារមហាសង្ក្រានស្រុកសង្គមថ្មីនេះ គឺមានការឧបត្ថម្ភគាំទ្រពី នាយឧត្តមសេនីយ៍ មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ, លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរស្រុកសង្គមថ្មី ក៏ដូចជាក្រុមយុវជនជាច្រើនក្រុម។ ព្រះវិហារមហាសង្រ្កានស្រុកសង្គមថ្មីនេះ គឺប្រារព្ធធ្វើឡើងនៅក្នុងបរិវេណ វត្តតេជ្ជៈរង្សីហៅវត្តបឹង ស្ថិតក្នុងស្រុកសង្គមថ្មី ហើយរហូតមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានដំណើរការរៀបចំ បានស្ទើរ១០០ភាគរយហើយ។
លោក សំ លាងទ្រី បានថ្លែងនូវការអរគុណចំពោះលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ គឺបានចុះមកពិនិត្យមើលទីតាំង ចង្អុលបង្ហាញដល់ក្រុមការងារ ដែលករណីនេះធ្វើឲ្យក្រុមការងារកាន់តែមានទឹកចិត្ត ក្នុងការរៀបចំព្រឹត្តិការណ៍មហាសង្រ្កាន្តនេះ ទទួលបានជោគជ័យប្រកបដោយ សោភ័ណ្ឌភាព និងរចនាបទខ្មែរ ហើយលោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងព្រឹត្តិការនេះឲ្យបានគ្រប់ៗគ្នាផងដែរ៕