(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីចុងសប្តាហ៍មុននេះ បានរៀបចំកម្មវិធីមួយ នៅទីតាំងស្ថានទូត ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅ៣ថ្ងៃខាងមុខនេះ។ អ្វីដែលរឹតតែចាប់អារម្មណ៍ជាងនេះ គឺក្នុងពិធីនោះ លោកអគ្គរដ្ឋទូត William A. Heidt បានរៀបចំសម្តែងឈុតមួយនៃរឿងទុំទាវ ហើយលោកបានដើរតួជាតួអង្គស្តេចក្នុងរឿង យ៉ាងសប្បាយរីករាយ។
កម្មវិធីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់ស្ថានទូតអាមេរិក គេឃើញមានថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិករបស់ស្ថានតូតអាមេរិក ព្រមទាំងមានតំណាងដៃគូមួយចំនួនផងដែរ។ ពិធីខាងលើនេះក៏មានការសូត្រមន្តដោយព្រះសង្ឃ ការសម្តែងរបាំ និងល្បែងប្រជាប្រិយ បែបប្រពៃណីជាតិខ្មែរថែមទៀត។
ទោះជាយ៉ាងនេះក្តី អ្នកប្រើប្រាស់បណ្តាញសង្គម Facebook បានលើកឡើងថា ការរៀបចំកម្មវិធីកម្សាន្តសប្បាយ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ របស់ស្ថានទូតអាមេរិក គឺលោកអគ្គរដ្ឋទូតអាមេរិក ហាក់ដូចជាមិនមានការខ្វល់ខ្វាយអំពីនយោបាយថ្មីៗទៀត ខុសពីក្រុមអ្នកប្រឆាំងមួយចំនួន ដែលកំពុងស្ថិតនៅក្រៅប្រទេសបានបំភ្លើសព័ត៌មានថា កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពអសន្តិសុខ និងគ្មានសណ្តាប់ធ្នាប់។
ខាងក្រោមនេះ សូមទស្សនៈនូវវីដេអូការសម្តែងរបស់ លោកអគ្គរដ្ឋទូតអាមេរិកដូចតទៅ៖