(ភ្នំពេញ)៖ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ អគ្គរដ្ឋទូតថ្មីឥណ្ឌា បានលើកឡើងថា កម្ពុជានិងឥណ្ឌា គឺមានវប្បធ៌ អរិយធម៌ ប្រហាក់ប្រហែលគ្នា ហើយតាមរយៈប្រទេសទាំងពីរ ក៏មានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយ។ មកដល់ពេលនេះទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពកាន់តែជិតស្និទ្ធ ប៉ុន្ដែទោះបីជាយ៉ាងណា ដំណើរបេសកកម្មការទូតរបស់ លោកស្រីឯកអគ្គរដ្ឋទូតនៅកម្ពុជា នាពេលនេះ សម្ដេចរំពឹងថា នឹងកាន់តែពង្រឹង និងពង្រីកនូវទំនាក់ទំនងកាទូត ឲ្យកាន់តែរឹងមាំថែមទៀត។
សម្ដេចក្រឡាហោម ស ខេង ក៏បានអរគុណទាំងអស់នូវ អ្វីដែលជាការគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌា តាំងពីដើមរហូតមកពោលគឺនៅប្រទេសកម្ពុជា ធ្លាក់ក្នុងភ្លើងសង្គ្រាម ដែលពិតជាឆ្លុះបញ្ចាំងពីកិច្ចទំនាក់ទំនងល្អ រវាងប្រទេសទាំង២ ជាពិសេសតាមរយៈទស្សនកិច្ចនាពេលថ្មីៗនេះ របស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌា។
លោកស្រី Manika Jain ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅកម្ពុជា ក៏បានយល់ស្របថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌា គឺមានរយៈពេលរាប់ពាន់ឆ្នាំមកហើយ ហើយទំនាក់ទំនងនៅពេលនេះទៀតសោត ក៏កំពុងតែមានការរីកចម្រើនជឿនលឿនទៅមុខយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើរប្រទេសកម្ពុជា ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទាំងកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងការទូតជាដើម។
បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង បានជូនពរឲ្យលោកស្រី Manika Jain បំពេញបេសកកម្មនៅកម្ពុជា ទទួលបានជោគជ័យ៕