(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ។
នៅក្នុងឱកាសបិទសន្និបាតនោះដែរ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ថា នៅកម្ពុជា វិស័យអធិការកិច្ចត្រូវបានគ្រប់គ្រងដោយ ស្ថាប័នរដ្ឋដែលមានលក្ខណៈ និងរចនាសម្ព័ន្ធខុសៗគ្នាទៅតាមរដ្ឋាភិបាល ក្នុង សម័យកាលនីមួយៗ។
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បន្តទៀតថា «ការងារអធិការកិច្ច ជាការងារដែលលំបាកស្មុគ្រស្មាញ មានភាពរសើប និងភាពចម្រូងចម្រាស់ ដែលទាមទារឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជ ការ ក្រសួងត្រូវមានសមត្ថភាព និងជំនាញច្បាស់លាស់ ក្នុងបច្ចេកទេសអធិការកិច្ច និងសមត្ថភាពច្បាប់ព្រមទាំងមានសីលធម៌ស្អាតស្អំ។ ជាក់ស្តែង ក្នុងការងារអធិការកិច្ច ក្រសួងកំពុងជួបប្រទះការប្រឈម ជាច្រើនដូចជា នៅតាមស្ថាប័នរដ្ឋមួយចំនួនមិនទាន់ ឲ្យតម្លៃអធិការកិច្ច និងមិនចង់សហការ និងមានក្រសួង និងស្ថាប័នរដ្ឋមួយចំនួន មានភារកិច្ចស្រដៀងគ្នា ឬជាន់គ្នាដូចជា៖ គណៈកម្មាធិការ ដោះស្រាយទំនាស់ដីធ្លី, អង្គភាពប្រឆាំងអំពើពុករលួយ, អាជ្ញាធរសវនកម្មជាតិ និងក្រសួង ស្ថាប័នរដ្ឋ មួយចំនួនទៀត។ ម្យ៉ាងទៀតការអនុវត្តក្រម សីលធម៌ របស់ក្រុមការងារចុះធ្វើបេសក កម្មអធិការកិច្ចក៏នៅមានការខ្វះខាត និងជួបបញ្ហាខ្វះខាត»។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានលើកឡើងទៀតថា ក្រសួងបានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវដើម្បី ទប់ស្កាត់ការរំលោភ ដោយអំណាច និងរួមចំណែកប្រឆាំងអំពើពុករលួយ។ ជាមួយគ្នានោះដែរ ក្រសួងបានអង្កេតស្រាវជ្រាវ នៅតាមក្រសួងស្ថាប័ន អង្គភាពជាតិ និងនៅថ្នាក់ក្រោមជាតិ ដោយបានរកឃើញចំណុចខ្វះខាត និងភាពអសកម្ម មួយចំនួន និងបានរាយការណ៍ជាប្រចាំ ជូនប្រមុខរាជរដ្ឋាភិបាល និងបានធ្វើសេចក្តីណែនាំជាលិខិតបទដ្ឋានគតិយុត្តិជាច្រើន ជូនដល់បណ្តាក្រសួង ស្ថាប័ន ដែលមានបញ្ហាឲ្យកែលម្អរនូវរាល់
ចំណុចខ្វះខាតទាំងឡាយ»។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងសម្រេចបានលទ្ធផលជាច្រើន ក្នុងការងារអធិការកិច្ចដូចជា៖
*ការងារទទួលពាក្យបណ្តឹង (បណ្តឹងតវ៉ានិង បណ្តឹងបរិហារ)
*ការងារអង្កេតករណីបណ្តឹង ពាក់ព័ន្ធទំនាស់ដីធ្លី
*ការសម្របសម្រួលបញ្ចប់ទំនាស់រ៉ាំរ៉ៃ បានជាច្រើនករណី
*ការងារតាមដានការអនុវត្តច្បាប់
*ការកែលម្អរចំណុចខុសខ្វះខាតក្រសួង ស្ថាប័ន អង្គភាពសាធារណៈ លើកិច្ចការរដ្ឋបាលការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ជម្រុញប្រសិទ្ធភាព ផលិតភាព និងគុណភាពសេវាសាធារណៈដើម្បី បំរើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។
បើតាមលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយតាមវិស័យជាច្រើន ជាពិសេសផែន ការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៤-២០១៨ ក្នុងគោលបំណងដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់វឌ្ឍនភាព និងប្រជាជន មានសុភមង្គលនិងជីវភាពធូរធា ដើម្បីសម្រេចបាននូវគោលដៅនេះ និងចូលរួម
ចំណែកក្នុងការលើកកំពស់អភិបាលកិច្ចល្អ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព៕