(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដាក់បន្ថែមនូវ រថយន្ដក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃ សម្រាប់បុណ្យចូលឆ្នាំខ្មែរនៅឆ្នាំក្រោយ រហូតដល់២០០គ្រឿង ប្រសិនបើរកឃើញថាក្រុមហ៊ុនឯកជនដឹកអ្នកដំណើរនៅតែបន្ដឆ្លៀតដំឡើងថ្លៃ។
ការប្រកាសបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៣,១៨៧នាក់ ក្នុងនោះនារី ១,៥៧៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងដកពិសោធន៍នៅឆ្នាំនេះ តើក្រុមហ៊ុននានាគាត់នៅឡើងថ្លៃទៀតឬអត់ បើថានៅតែឈ្លៀតដំឡើងថ្លៃបានទៀត ឆ្នាំក្រោយថែមដល់២០០គ្រឿងដឹកតែម្ដង ធ្វើឲ្យក្រុមហ៊ុនដែលដំឡើងថ្លៃដាច់ជើងតែម្ដង ព្រោះតែនិយាយគ្នាមិនស្ដាប់»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចដាក់រថយន្ដក្រុងសាធារណៈដឹកអ្នកដំណើរ ដោយឥតគិតថ្លៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំនេះ ក៏ព្រោះតែចង់បន្ថយការចំណាយលុយរបស់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប ក្នុងពេលធ្វើដំណើរទៅស្រុកកំណើត ខណៈដែលក្រុមហ៊ុនដឹកអ្នកដំណើរ ឆ្លៀតឱកាសដំឡើងថ្លៃក្នុងរដូវនេះ។
យ៉ាងណាមិញ សម្រាប់សេវាសាធារណៈមួយនេះ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ដ្រី ណែនាំទៅអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងតាមបណ្ដាខេត្តផ្សេងៗ ត្រូវរៀបចំទាំងទីតាំងចំណត និងចេញដំណើរឲ្យបានសមរម្យ ហើយត្រូវមានពេលវេលាច្បាស់លាស់ ជៀសវាងមានបញ្ហាផ្សេងដែលនាំឲ្យមានផលលំបាកដល់ប្រជាពលរដ្ឋ។
សូមជម្រាបថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ រត់នៅលើផ្លូវជាតិលេខ១, ៣, ៤, ៥ និងលេខ៦ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋនៅមុន និងបុណ្យចូលឆ្នាំថ្មី ដោយឥតគិតថ្លៃ ដែលការដឹកជញ្ជូននេះចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ចំនួនរថយន្តសម្រាប់ការដឹកជញ្ជូននេះ គឺមានចំនួន ៦០គ្រឿងដដែល តែបើមានតម្រូវការចាំបាច់ លោកនឹងបន្ថែមរថយន្តផងដែរ។ លោកអភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរលើរថយន្តក្រុង បើមានការទាមទារលុយណាមួយ ត្រូវរាយការណ៍បន្ទាន់ទៅខាងសាលារាជធានីភ្នំពេញ។
ទីតាំងដែលបងប្អូនប្រជាពលរដ្ឋ អាចឡើងជិះរថយន្តបាននោះរួមមាន៖
* ផ្លូវជាតិលេខ១៖ ឡើងរថយន្តនៅមហាវីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដេសបីន សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។
* ផ្លូវជាតិលេខ៣៖ ឡើងរថយន្តនៅមុខទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងង៧០ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
* ផ្លូវជាតិលេខ៤៖ ឡើងរថយន្តចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
* ផ្លូវជាតិលេខ៥៖ ឡើងរថយន្តចំណតសួនច្បារឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) សម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ និងចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
* ផ្លូវជាតិលេខ៦៖ ឡើងរថយន្តនៅម្តុំរង្វង់ព្រំមុខបួនគល់ស្ពានជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារក្រុមហ៊ុន OCIC៕