(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញពិសាបាយសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ជំនួបពិសាអាហារសាមគ្គីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិនឆ្នាំ២០១៨នេះ គឺជាឆ្នាំទី២ហើយ។ ការពិភាក្សាអាហារសាមគ្គីនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព និងដើម្បីពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធការវិនិយោគនៅកម្ពុជាផងដែរ។
លោកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន បានថ្លែងថា ជំនួបពិសាអាហារសាមគ្គីនេះ មានសារៈសំខាន់ណាស់សម្រាប់បងប្អូនខ្មែរ-ចិន ដើម្បីបានសំណេះសំណាល និងទទួលមតិល្អៗពីសម្តេចតេជោ ហ៊ុន សែន។
លោក ពុង ឃាវសែ ក៏បានបានបង្ហាញសមិទ្ធផលការងារមួយចំនួនដែលខ្លួនសម្រេចនៅក្នុងឆ្នាំ២០១៧កន្លងទៅផងដែរ ដែលជាចំណែកជំរុញដល់វឌ្ឍនភាពរបស់សមាគម និងជាចំណែកសម្រាប់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។
សម្រាប់ឆ្នាំ២០១៨នេះ លោក ពុង ឃាវសែ បានអះអាងថា សមាគមបានដាក់ចេញនូវគម្រោង និងផែនការថ្មីចំនួន៣ចំណុច ដែលរួមមាន៖
១៖ សមាគមនឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន ដើម្បីចូលរួមក្នុងការវិវឌ្ឍធនធានមនុស្សដែលកំពុងជួបប្រទះការខ្វះខាតជាច្រើនទៀត ដែលបច្ចុប្បន្នមានសិស្ស ៥៥នាក់ចូលរួមវគ្គបណ្តុះបណ្តាល។
២៖ សមាគមមានគម្រោងបង្កើតវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រ និងវិស្វកម្មដល់និស្សិតទូទាំងប្រទេស។ បច្ចុប្បន្នកំពុងពិភាក្សាកិច្ចសហប្រតិបត្តិការជាមួយសកលវិទ្យាល័យបច្ចេកទេសធានជិននៅប្រទេសចិន។
៣៖ សមាគមនឹងជំរុញក្រុមការងារយុវជនឲ្យចូលរួមបង្កើតកម្មវិធីសម្បុរសធម៌សង្គម និងអប់រំយុវជនសម្រាប់បន្តវេន៕