(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំពិធីចែកវិញ្ញាបនប័ត្រដល់កម្មសិក្សាការី ដែលបានបញ្ចប់វគ្គសិក្សាស្តីពីមូលដ្ឋានគ្រឹះម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Foundation) ក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី សារ៉ា យ៉ុងចូវ នាយិកាស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា។
វគ្គបណ្តុះបណ្តាលលើកនេះ គឺជាលើកទី៤ ដែលត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចសហការជាមួយនឹងមូលនិធិរូបិយវត្ថុអន្ដរជាតិ និងបានប្រព្រឹត្តទៅចាប់ពីខែមករា រហូតដល់ខែមីនា ឆ្នាំ២០១៨។
លោក វង្សី វិស្សុត បានលើកឡើងថា កន្លងមក ទាំងនៅក្នុងកម្រិតរាជរដ្ឋាភិបាល និងទាំងនៅក្នុងកម្រិតក្រសួងស្ថាប័ននានា គឺបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីកម្ពស់សមត្ថភាពដល់មន្ត្រីរបស់ខ្លួន។ លោកបានបន្តថា ដោយឡែក នៅក្នុងកម្រិតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញ គឺនៅក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ យើងរៀបចំនូវកម្មវិធីបណ្តុះបណ្តាល ជាច្រើនផងដែរ ដើម្បីកសាងនិងអភិវឌ្ឍន៍សមត្ថភាពដល់មន្រ្តីរបស់ខ្លួន ទាំងមន្រ្តីដែលកំពុងបម្រើការងារស្រាប់ និងមន្រ្តីដែលជ្រើសរើសចូលថ្មី។ កិច្ចខិតខំប្រឹងប្រែងនេះ គួបផ្សំជាមួយនឹងការណែនាំ ដោយផ្ទាល់របស់ថ្នាក់ដឹកនាំក្នុងពេលបំពេញការងារ បានធ្វើឱ្យក្រសួងអាចកសាងបាននូវសេដ្ឋវិទូ ដែលមានជំនាញច្បាស់លាស់ និងមានសមត្ថភាពធ្វើការសិក្សា, វិភាគ, រៀបចំគោលនយោបាយ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញវត្ថុកាន់តែប្រសើរឡើង ហើយមានការទទួលស្គាល់ពីដៃគូអភិវឌ្ឍន៍អន្តរជាតិពាក់ព័ន្ធ។
លោកបានបន្តទៀតថា «តែទោះបីយ៉ាងណាក៏ដោយ យើងនៅតែមានសេចក្តីត្រូវការសេដ្ឋវិទូ ដែលមានជំនាញពិតប្រាកដ និងមានសមត្ថភាពកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលចេះតែអភិវឌ្ឍន៍ឈានឡើងឥតឈប់ឈរ។ និយាយរួម មិនថាតែនៅក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វិស័យកសាងនិងការពារជាតិ ឬវិស័យផ្សេងៗទៀតទេ គឺធនធានមនុស្សជាកត្តាគន្លឹះក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ។ ក្នុងន័យនេះ កម្ពុជាត្រូវការធនធានមនុស្សដែលប្រកបដោយចំណេះដឹង ទាំងនៅក្នុងផែ្នកសាធារណៈ និងផ្នែកឯកជន ដើម្បីរួមគ្នាជម្នះឱ្យបាននូវបញ្ហាប្រឈមទាំងឡាយរបស់ប្រទេសជាតិ និងដើម្បីតាមឱ្យទាន់នូវកម្រិតអភិវឌ្ឍន៍ដូចបណ្ដាប្រទេសដទៃទៀត សម្រាប់ឆ្ពោះទៅកសាងសង្គមសេដ្ឋកិច្ចមួយ ប្រកបដោយវិបុលភាព ថាមភាព និងចីរភាពនៅក្នុងរយៈពេលវែង»។
លោក វង្សី វិស្សុត បានផ្តាំផ្ញើដល់ជ័យលាភីជាកម្មសិក្សាការីទាំងអស់ថា ការសិក្សារៀនសូត្រ និងការខិតខំប្រឹងប្រែងក្នុងការបំពេញការងារ គឺជាការវិនិយោគសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាសម្រាប់អង្គភាព និងសង្គមជាតិទាំងមូលផងដែរ។ សូមប្អូនៗចង់ចាំថា មូលធនបញ្ញា គឺជាទ្រព្យសម្បត្តិជាប់ខ្លួនដ៏សំខាន់បំផុតមួយ និងកាន់តែមានសារសំខាន់ថែមទៀត នៅក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរី។ ក្នុងន័យនេះ ប្រសិនបើយើងមានមូលធនបញ្ញាកាន់តែខ្ពស់ នោះនឹងធ្វើឱ្យយើងអាចបំពេញការងារកាន់តែមានតម្លៃបន្ថែមខ្ពស់ ហើយអាចបង្កើនប្រាក់ចំណូល និងបៀវត្សខ្ពស់ទៅតាមនោះផងដែរ។
ជាមួយគ្នានេះ ការសិក្សារៀនសូត្រក្នុងពេលបច្ចុប្បន្ននេះ គឺជាការរៀនសូត្រពេញមួយជីវីត និងគ្មានទីបញ្ចប់ ហើយពុំមានចំណេះវិជ្ជាណាមួយដែលអាចរក្សាបាននូវបច្ចុប្បន្នភាពរបស់ខ្លួនជាប់រហូតទេ ជាពិសេសនៅក្នុងបរិបទនៃការវិវត្តន៍ឥតឈប់ឈរនៃវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងពេលបច្ចុប្បន្ននេះ។ ដូចនេះ ទាមទារនូវការធ្វើបច្ចុប្បន្នភាព និងពិពិធកម្មចំណេះដឹង និងជំនាញជាប់ជាប្រចាំ និងឱ្យទាន់ពេលវេលា ព្រមទាំងត្រូវតែខិតខំរៀនសូត្រពហុមុខជំនាញ។ ទន្ទឹមនឹងនេះដែរ ក្រៅពីជំនាញ ក៏ត្រូវផ្តោតការយកចិត្តទុកដាក់ដល់អភិវឌ្ឍសមត្ថភាពលើជំនាញទន់ថែមទៀត ដូចជា ផ្នត់គំនិត អាកប្បកិរិយា និងឥរិយាបទជាដើម ក្នុងនោះ យើងត្រូវប្រែក្លាយកម្លាំងពលកម្មរបស់យើង ពីកម្លាំងធ្វើការឱ្យទៅជាកម្លាំងធ្វើការដោយចេះគិត (from work force to Think Force)។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា «ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ នឹងមូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តរៀបចំកម្មវិធីបណ្តុះបណ្តាលរបៀបនេះឱ្យបានច្រើនទៀត ដោយពង្រីកទាំងបរិមាណសិក្ខាកាម និងបើកលទ្ធភាពឱ្យបានកាន់តែច្រើនដល់សិក្ខាកាមមកពីគ្រប់ក្រសួងស្ថាប័ននានា រួមទាំងគ្រឹះស្ថានឧត្តមសិក្សាផងដែរ ដើម្បីបង្កើតឱកាស បណ្តុះបណ្តាលឱ្យបានច្រើនបំផុតដល់អ្នកដែលមានសក្តានុពលអាចក្លាយទៅជាអ្នកដឹកនាំទៅថ្ងៃអនាគត»៕