(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសមាគមនិយោជក អង្គការសហជីព និងភាគីពាក់ព័ន្ធផ្សេងទៀត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបន្តពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមា ក្រោមអធិបតីភាពលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ នៅសណ្ឋាគារភ្នំពេញ។
លោក ម៉ម វណ្ណៈ បានឲ្យដឹងថា ការរៀបចំឲ្យមានសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមានេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច សមាហរណកម្មអាស៊ាន ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ និងសង្គមជាតិនាពេលបច្ចុប្បន្ន ដូច្នេះការគ្រប់គ្រងលើតម្លៃពលកម្មដ៏សមស្របមួយ ជាពិសេសក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង គឺជាចំណុចមួយដែលមិនត្រូវមានការធ្វេសប្រហែសទ្បើយ។
លោកថា សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និងដល់ប្រទេសជាតិទាំងមូល ពីព្រោះសេចក្តីច្បាប់នេះត្រូវបានធ្វើទ្បើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរ បង្កើតឱកាសការងារ និងបង្កើនផលិតភាពការងាររបស់កម្មករនិយោជិត ព្រមទាំងជំរុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចឲ្យកាន់តែប្រសើរប្រកបដោយភាពទាក់ទាញនៅកម្ពុជាទៀតផង។
លោកបន្តថា ការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា តាមរយៈយន្តការច្បាប់ គឺជាយន្តការដ៏រឹងមាំមួយក្នុងការធានាឲ្យបាននូវប្រាក់ឈ្នួលអប្បបរមាមួយ សមស្របតាមបែបវិទ្យាសាស្រ្ត ដែលផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានតំណាងស្មើៗគ្នាមកពីភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សានេះ នឹងសិក្សាស្រាវជា្រវ និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់ជនទាំងទ្បាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយប្រជុំពិភាក្សាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ តម្លាភាព និងឈ្នះ-ឈ្នះ។
សូមបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ១៩៩៧-២០១៨ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងបានចំនួន ១៤លើក ដោយកើនពី ៣០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ ដល់ ១៧០ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៨ ដោយបូករួមទាំងប្រាក់រង្វាន់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាពកម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលចាប់ពី ១៨៧-១៩៨ដុល្លារអាមេរិក ក្នុងមួយខែ។
ជាមួយគ្នានោះ លោក ម៉ម វណ្ណៈ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ មិនមែនជាការកើតទ្បើងដោយចៃដន្យនោះទេ គឺកើតចេញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែបើកឲ្យមានការចូលរួមសហការ ផ្តល់មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ជាក់ស្តែងដូចជាដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមានេះតែម្តង ដែលកន្លងមកក្រសួងបានដាក់ឲ្យមានកិច្ចពិគ្រោះយោបល់ និងទទួលយកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់មកពិចារណា និងកែសម្រួល។ ហេតុដូច្នេះ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាច្បាប់មួយដែលមានភាពល្អប្រសើរគ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ បន្ទាប់ពីការដាក់ឲ្យអនុម័តប្រើប្រាស់រួច៕