(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នឹងរៀបចំធ្វើកំណាយនៅផ្នែកណាមួយនៃស្រះទឹកខាងជើង និងខាងត្បូងក្នុងប្រាសាទអង្គរវត្ត ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធ និងទ្រង់ទ្រាយរបស់ស្រះ មុនអ្នកជំនាញបើកការជួសជុលឱ្យស្របតាមលំនាំចាស់ និងជៀសវាងផលប៉ះពាល់ណាមួយ។
លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានថ្លែងឱ្យដឹងថា កំណាយស្រាវជ្រាវបុរាណវិទ្យានេះ ធ្វើឡើងតាមយោបល់អ្នកជំនាញការអាដហុក របស់គណៈកម្មការអាយស៉ីស៉ី-អង្គរ ដែលសុំឱ្យអ្នកជំនាញធ្វើកំណាយ មុននឹងជួសជុល និងកែលម្អស្រះទាំងពីររបស់ប្រាសាទអង្គរវត្ត។
តាមលោក លី វណ្ណា គម្រោងជួសជុល និងស្ដារឡើងវិញនៃស្រះខាងលើ គឺក្នុងបំណងលើកតម្លៃ កែលម្អស្រះ ដើម្បីឱ្យទឹកនៅបានយូរ និងរៀបចំច្រាំងស្រះជុំវិញ ដែលកន្លងមកស្រះទាំងនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើន ដែលចូលចិត្តផ្ដិតទិដ្ឋភាពរបស់ពួកគេជាមួយកំពូលប្រាសាទអង្គរ ដែលឆ្លុះជាមួយទឹកស្រះដ៏ស្រស់ស្អាត។ លោក លី វណ្ណា បញ្ជាក់ថា កំណាយនេះនឹងអាចឱ្យអ្នកជំនាញដឹងកាន់តែច្បាស់ពីរចនាសម្ព័ន្ធរបស់ស្រះ ក៏ដូចជាគុណភាពរបស់ថ្មថា តើវាត្រូវកែលម្អបែបណាបន្ថែមទៀតផងដែរ។
គម្រោងកំណាយស្រាវជ្រាវនៅស្រះអង្គរ គ្រោងធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងប្រើពេលចន្លោះពី១ខែកន្លះ ទៅ២ខែ។ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ស្នើឱ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ព្រមទាំងសាធារណជនទាំងអស់យោគយល់ និងជ្រាបពីព័ត៌មាននេះ៕