(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ប្រជាពលរដ្ឋជាង២សែននាក់ ក្នុងភូមិចំនួន១៦២ភូមិ ក្នុងខណ្ឌពោធិ៍សែនជ័យ នឹងទទួលបានសេវាព្យាបាលសុខភាព កាន់តែប្រសើរឡើងមួយកម្រិតទៀត ពេលដាក់ដំណើរការជាផ្លូវការនូវ អគារកម្ពស់៣ជាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ពិសេស ផ្ដល់ភាពងាយស្រួល សម្រាប់កម្មករ-កម្មការិនី តែម្ដង។
រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារថ្មី នៃមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ ដែលឧបត្ថម្ភដោយលោកឧកញ៉ា សៀ ឬទ្ធី ដែលជាវិនិយោគិនដ៏ឆ្នើមផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវើលដ៏ប្រ៊ីជ អឺនធឺណេសិនណល (កម្ពុជា) ។
រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងថា «អគារព្យាបាលអ្នកជំងឺកម្ពស់៣ជាន់នេះ គឺជាការពង្រីកការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ និងរហ័សមួយកម្រិតទៀត នៅមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ដែលក្នុងមួយថ្ងៃៗអ្នកជំងឺបានមកព្យាបាលជាច្រើនរយនាក់ ពិសេសអគារថ្មីនេះគឺផ្ដោតសំខាន់ទៅសម្ភព ដែលឆ្លើយតបនឹងការប្រតិបត្ដិគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក» ។
ទន្ទឹមនឹងនោះ លោកឧកញ៉ាសៀ ឬទ្ធី បានថ្លែងផងដែរថា «ក្នុងនាមជាអ្នករកស៊ីក្នុងស្រុកមួយ យើងតែងតែផ្អែកលើគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ជាប្រមុខដឹកនាំដ៏រឹងមាំ និងរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ជាសេនាធិការ ក្នុងការខិតខំប្រឹងប្រែង និងយកចិត្ដទុកដាក់ លើសុខុមាលភាព របស់ប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការិនីរោងចក្រយើង ដូចនេះសម្រាប់មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុងនេះ គឺជាទីប្រជុំជន សម្បូរទៅដោយរោងចក្រយ៉ាងច្រើន រួមទាំងរោងចក្រកាត់ដេរផងដែរ យើងយល់ឃើញថា ដើម្បីឲ្យវិស័យកាត់ដេរនេះ បានដំណើរទៅមុខបាន គឺអាស្រ័យទៅលើសុខុមាលភាពជាចម្បង ហេតុនេះហើយ ទើបយើងសម្រេចជួយលើវិស័យសុខាភិបាលនេះ ដែលអាចជួយបានច្រើនទៅដល់របស់កម្មករ កម្មការិនីយើង»។
លោកឧកញ៉ាបន្ដថា លោកនឹងបន្ដជួយលើវិស័យសុខាភិបាលបន្ដទៀត ទាំងសម្ភារៈបរិក្ខារពេទ្យ ថវិកាដើម្បីសាងសង់អគារព្យាបាលសុខភាពនៅតាមមន្ទីរពេទ្យផ្សេងៗទៀត ។
ព្រមជាមួយគ្នានោះ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងនេះ បានផ្ដល់ សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលមានចំនួនប្រជាជន សរុប ២០០,៤៥៦នាក់ (រស់នៅក្នុងសង្កាត់ចំនួន១៣ ដែលមានភូមិសរុប១៦២ភូមិ ។ មន្ទីរពេទ្យបង្អែកនេះ មានអគារសម្ភពថ្មី អគាររបេង អគារសំរាកពេទ្យ និងកុមារ អគារអេដស៍ និងមណ្ឌលសុខភាពមួយ និងមន្ដ្រីសុខាភិបាលសរុប ចំនួន៧៧នាក់ (ស្រីចំនួន ៤៤នាក់) ៕