(ប៉ៃលិន)៖ ដើម្បីចូលរួមកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរ របស់បងប្អួនប្រជាពលរដ្ឋទូទៅ មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន បានសម្រុកជួសជុល និងថែទាំផ្លូវជាតិលេខ៥៧ ត្រង់ចំណុចព្រំប្រទល់នៃខេត្តបាត់ដំបង ក្នុងភូមិសួរស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន រហូតដល់ព្រំប្រទលកម្ពុជា-ថៃ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានប្រវែង៣៨គីឡូម៉ែត្រ ក្រោមការយកចិត្តទុកដាក់ពីលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន។
ក្នុងការជួសជុល និងថែទាំផ្លូវជាតិនេះ គឺដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ព្រោះផ្លូវមួយខ្សែនេះ មានសារសំខាន់បំផុត សម្រាប់តភ្ជាប់ដំណើរ កម្សាន្ត របស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់រមណីយដ្ឋានានាៗ ក្នុងខេត្តប៉ៃលិនផងដែរ។
មន្ត្រីនៃមន្ទីរសាធារណការ ខេត្តប៉ៃលិន បានឲ្យដឹងថា ដោយសារកំណាត់ផ្លូវនេះ បានទទួលរងនូវការខូចខាត របៀបជាសម្បុកមាន់ និងស្រុត ដោយសារតែ រថយន្តធន់ធំ ដឹកលើសទម្ងន់ រយៈពេលកន្លងមកនេះ លោកប្រធានមន្ទីរ បានចាត់ឲ្យមន្ត្រីនៃមន្ទីរសាធារណការ ចុះជួសជុល និងធ្វើការថែទាំឡើងវិញ ដើម្បីត្រៀមអបអរ និងទទួល អំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលឆាប់ៗនេះ។
បើតាមមន្រ្តី ទោះបីផ្លូវនេះ មានការខូចខាតតិចតួច តែការថែទាំត្រូវបានធ្វើឡើងជាប្រចាំ តាមការណែនាំរបស់រដ្ឋបាលខេត្តប៉ៃលិន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយធ្វើតាមលក្ខណៈបច្ចេកទេស ចំពោះការជួសជុលកែលម្អ និងថែទាំជាប្រចាំ វាគឺជាផ្នែកមួយ នៃការរៀបចំសោភណ្ឌភាព ខេត្តប៉ៃលិន តាមរយៈការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនា សម្ព័ន្ធ ដែលមានផ្លូវថ្នល់ផងដែរ។
ពាក់ព័ន្ធការងារខាងលើនេះ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តប៉ៃលិន បានថ្លែងថា ដោយមើលឃើញពីការធ្វើដំណើរ របស់បងប្អួនប្រជាពលរដ្ឋមានការ លំបាក ដោយសារតែផ្លូវជាតិលេខ៥៧ មានការខូចខាតជាអន្លើរៗ ដូចជាផ្លូវសំបុកមាន់ ផ្លូវឡើងគ្របលើ ផ្លូវ ជាដើមនោះ លោកក៏ចាត់មន្ត្រីសាធារណការ ចុះជួសជុល និងសម្អាតផ្លូវជាតិ ឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូន កសិផលផ្សេងៗ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរមកលែងកម្សាន្តនៅ ខេត្តប៉ៃលិន។
ជាមួយនិងការថែទាំ ជួសជុលផ្លូវលេខ៥៧នេះ ក្រុមការងារមន្ទីរ ក៏មានការថែទាំបង្គោលសុវត្ថិភាព របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ធ្វើយ៉ាងណាដើម្បីឲ្យផ្លូវថ្នល់ មានសោភ័ណ្ឌភាពផង និងគុណភាព ការធ្វើដំណើរទៅមក ដោយស្រួល គ្មានផ្លូវខូចពិបាកធ្វើដំណើរនោះឡើយ។
លោកប្រធានមន្ទីរ ក៏បានកោតសរសើរ ដល់មន្ត្រី ក្នុងការជួសជុល និងថែទាំផ្លូវជាតិលេខ៥៧ ទាំងអស់ដែលបានខិតខំ យកចិត្តទុកដាក់ខ្ពស់ ដល់ការជួសជុល និងថែទាំផ្លូវថ្នល់ ហើយការងារទាំងនេះ ក្រោមការផ្តល់ជាអនុសាសន៍ល្អៗ និងការណែនាំ របស់លោក កើត សុធា អភិបាលខេត្ត ដោយធ្វើយ៉ាងណាការជួសជុល ឲ្យផ្លូវថ្នល់មានគុណភាព ប្រើប្រាស់បានយូរ និងមានសោភ័ណ្ឌភាព ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ មានភាពងាយស្រួល និងមានសុវត្ថិភាពផងដែរ៕