(ភ្នំពេញ)៖ សាលាអន្តរជាតិ Zaman សហការជាមួយកម្មវិធីសប្បុធម៌កម្ពុជា ប្រមូលថវិកាចំនួន ៦,៤២០ដុល្លារ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា II ។
កម្មវិធីសប្បុរធម៌នេះ ដើម្បីជួយដល់កម្ពុជា ដែលជាគោលបំណងចម្បងរបស់សាលាអន្តរជាតិហ្សាម៉ាន់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោមការចូលរួមដោយសហគមន៍នៅក្នុងតំបន់ ដែលនេះជាចំណុចសំខាន់របស់សាលា។
ជាថ្មីម្ដងទៀត ការងារសប្បុរសធម៌ដ៏សក្តិសមនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ និងផ្ដល់ជាប្រយោជន៍ដល់ មន្ទីរពេទ្យគន្ធបុប្ផា II ក្នុងឱកាសកម្មវិធីទទួលថវិកាបរិច្ចាគនូវដ៏ច្រើនសន្ធឹកសន្ធាប់នេះ នៅថ្ងៃអង្គារ៍ ទី១០ ខែមេសា ឆ្នាំ២០១៨។
សាលាបានសម្រេចស្នើ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី លើព្រះទ័យសម្រេចពាក់ព័ន្ធនឹងការបរិច្ចាគថវិកាចំនួន៦,៤២០ដុល្លារ ដែលបានមកពីការរៃអង្គាស នៅក្នុងកម្មវិធីសប្បុរសធម៌កាលពីឆ្នាំទៅ។ ដោយហេតុថា ព្រះករុណា ជាប់មមារញឹក ដូច្នេះ Zaman Student Union (ZSU ) ទើបតែទទួលបានការឆ្លើយតបពី ព្រះករុណា នាពេលថ្មីៗនេះ។
ZSU សម្រេចជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យនេះជួយសង្គ្រោះកុមារទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃ បើទោះជាគាត់ជាខ្មែរឬជនបរទេសក្ដី ហើយការងារសង្គ្រោះអាយុជីវិត មានជារៀងរាល់ថ្ងៃ។ ក្រុមការងារ ZSU ជឿជាក់ថា ព្រះករុណា នឹងយល់ស្របតាមការសម្រេចដូចនេះ ដោយមន្ទីរពេទ្យមួយនេះត្រូវបានកសារឡើងដោយមានការរួមចំណែកពី ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។
មន្ទីរពេទ្យនេះជាសាខាទីពីរ នៃមន្ទីរពេទ្យគន្ធបុប្ផា I ដែលត្រូវបានកសាងឡើងវិញនៅក្នុងឆ្នាំ១៩៩២ ដោយរដ្ឋាភិបាលកម្ពុជា ក្រោមការចូលរួមរបស់វេជ្ជបណ្ឌិតជនជាតិស្វីសម្នាក់ឈ្មោះ Beat Richner ។
លោកវេជ្ជបណ្ឌិត Beat Richner បានបន្តគ្រប់គ្រងការងារទូទៅនៅមន្ទីរពេទ្យនេះរហូតដល់សព្វថ្ងៃ និងបន្តពង្រីកទីកន្លែង ព្រមទាំងនៅរក្សាបាននូវស្ដង់ដារខ្ពស់។ នៅក្នុងរយៈពេលជាង២៦ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បានជួយកុមារប្រមាណ១៣លាននាក់ នៅក្រៅមន្ទីរពេទ្យ និង១៥៦លាននាក់ ដែលមានជំងឺធ្ងន់ធ្ងរ ហើយត្រូវនៅសម្រាកព្យាបាល។
កម្មវិធីប្រគល់ថវិកាដល់មន្ទីរពេទ្យនាឱកាសនេះ គឺធ្វើឡើងនៅក្រោយជោគជ័យដ៏ត្រចះត្រចង់ពីកម្មវធីសប្ដាហ៍សប្បុធម៌ របស់សាលាអន្តរជាតិហ្សាម៉ាន់ នាឆ្នាំសិក្សានេះ។ ថវិកាទាំងនេះបានមកពីការខិតខំប្រឹងប្រែងរៀបចំកម្មវិធីរៃអង្គាស របស់សិស្សនុសិស្ស និងអ្នកគ្រូលោកគ្រូ ។
សេចក្តីសម្រេចអំពីការបែងចែកថវិកា ដែលកើតចេញពីសមិទ្ធផលសប្បុរសធម៌ចុងក្រោយនេះ នៅពុំទាន់ប្រកាសនៅឡើយទេ ប៉ុន្តែដូចសព្វដង ថវិកាសប្បុរសធម៌ នឹងត្រូវយកមកប្រើប្រាស់ ឱ្យបានត្រឹមត្រូវបំផុត ដើម្បីជួយសាលានានានៅកម្ពុជាដែលត្រូវការសម្ភារបង្រៀន និងអគារសិក្សា ដូចជាបន្ទប់ទឹកថ្មី និងបរិក្ខារស្អាតជាដើម។
កម្មវិធីប្រគល់ថវិកាសប្បុរធម៌នាថ្ងៃនេះធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមានការប្រគល់ជាមូលប្បទានប័ត្រពីសំណាក់តំណាងបុគ្គលិករបស់សាលា។ ប្អូនៗសិស្សនុសិស្ស មាតាបិតា និងអ្នកគ្រូលោកគ្រូក៏បានចូលរួមជាតំណាងរបស់សាលាអន្តរជាតិហ្សាម៉ាន់ នាឱកាសនេះផងដែរ។
សាលាអន្តរជាតិហ្សាម៉ាន់ ប្រកាន់ខ្ជាប់នូវជំនឿថា ការងារសប្បុរសធម៌ គឺជាគន្លឹះ នៃការអប់រំរបស់សិស្សានុសិស្ស ហើយគម្រោងឬព្រឹត្តិការណ៍ ដូចនេះត្រូវធ្វើឡើងបន្តទៀត ដើម្បីទុកជាសមិទ្ធផលប្រចាំឆ្នាំ ៕