(ព្រះសីហនុ)៖ សណ្ឋាគារ និងកាស៊ីណូដែលមានថា «ហ្គោបូ អ៊ីស្ត អ៊ីនធ័រធេនមិន» «Gobo East Enternainment Hotel & Casino» ស្ថិតនៅក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ត្រូវបានដាក់សម្ពោធឲ្យ ដំណើរការនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ ជាមួយទុនវិនិយោគជាង១៣លានដុល្លារ ដែលម្ចាស់វិនិយោគ គឺក្រុមហ៊ុនមកពីប្រទេសមីយ៉ាន់ម៉ា ឬភូមា។
ពិធីដាក់សម្ពោធដាក់ឲ្យប្រើប្រាស់នូវសណ្ឋាគារ និងកាស៊ីណូខាងលើនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទង ព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
នៅក្នុងឱកាសនេះលោកស្រី ម៉ែន សំអន បានលើកឡើងថា ការដាក់សម្ពោធសណ្ឋាគារ និងកាស៊ីណូ របស់ក្រុមហ៊ុន ហ្គោបូ អ៊ីស្ត អ៊ីនធ័រធេនមិន នូវអាគារដ៏ល្អប្រណិត កំពស់៥ជាន់ ដែលមាន ១២៣បន្ទប់ ចំណាយទឹកប្រាស់អស់ជាង១៣លានដុល្លារ ដែលជាទុនវិនិយោគមកប្រទេសមីយ៉ាន់ម៉ា និងបានបំពាក់ដោយគ្រឿងសង្ហារឹម ឧបករណ៍ទំនើបៗ នាពេលនេះ ពិតជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តព្រះសីហនុ ដែលជាខេត្ដភាគនីរតី នៃប្រទេសកម្ពុជា មានសក្តានុពល ផ្នែកឧស្សាហកម្ម ទេសចរណ៍។
លោកស្រី បានថ្លែងបញ្ជាក់ថា «នេះក៏ការឆ្លុះបញ្ចាំង នូវការលូតលាស់ទៅមុខឥតឈប់ឈរ នៃការវិនិយោគបរទេស និងវិស័យឯកជននៅកម្ពុជា ដែលបានទាក់ទាញ បាននូវកម្លាំងពលកម្មជាង៦០០នាក់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបាន បង្កលក្ខណៈងាយស្រួល និងជម្រុញវិស័យឯកជនឲ្យលូតលាស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម»៕