(ស្វាយរៀង)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានជំរុញឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីព័ត៌មានខេត្តស្វាយរៀង ត្រូវខិតខំផលិត បង្កើតព័ត៌មាន និងកម្មវិធីល្អៗ ឲ្យមានលក្ខណៈជាការអប់រំបង្កើនចំណេះដឹង ដែលផ្ដល់ផលប្រយោជន៍សម្រាប់សង្គម។
ការថ្លែងបែបនេះ ខណៈដែលលោករដ្ឋមន្រ្តី បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃស្ថានីយ៍ទូរទស្សន៍ជាតិរំដួលស្វាយរៀង ដែលជាអំណោយរបស់វិទ្យុសម្លេងវៀតណាម (VOV) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនខេត្តស្វាយរៀង។ ពិធីនេះក៏មានការចូលពីលោក វ៉ូ ក្វាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
នៅក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានសម្ដែងនូវការអរគុណចំពោះបក្ស រដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលតែងតែជួយឧបត្ថម្ភ គាំទ្រលើគ្រប់វិស័យ រួមទាំង វិស័យសោតទស្សន៍ និងព័ត៌មាន ហើយក្រសួងព័ត៌មាន បានផ្ដល់ជូននូវអំណោយជាសម្ភារបច្ចេកទេស សម្រាប់ដំណើរការ និងបង្កើតទូរទស្សន៍ជាតិរំដួលស្វាយរៀង ដែលជាសមិទ្ធិផលថ្មីស្រឡាងជាប្រវត្តិសាស្ត្រមួយបន្ថែមទៀត ដែលពីមុនមកខេត្តស្វាយរៀង ពុំធ្លាប់មានស្ថានីយ៍ទូរទស្សន៍ផ្ទាល់របស់ខេត្ត សម្រាប់ធ្វើការផលិត និងផ្សព្វផ្សាយព័ត៌មាន ជូនដល់ប្រជាពលរដ្ឋនោះទេ។
ទន្ទឹមនេះលោករដ្ឋមន្ត្រី ក៏បានបង្ហាញពីជំនឿជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការបង្កើត និងការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ថានីយ៍ទូរទស្សន៍ជាតិរំដួលស្វាយរៀង នៅថ្ងៃនេះ នឹងចូលរួមចំណែកធ្វើឲ្យការផ្សព្វផ្សាយព័ត៌មាននានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ សមិទ្ធិផលដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត សម្រេចបានជូនប្រជាពលរដ្ឋ សភាពការណ៍ និងព្រឹត្តិការណ៍ផ្សេងៗ ដែលកើតមានឡើងនៅក្នុងខេត្ត និងការបញ្ចូនសារពីថ្នាក់ដឹកនាំ ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់ថ្នាក់ដឹកនាំ កាន់តែលឿន ឆាប់រហ័ស និងទូលំទូលាយជាងមុន ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងមានលក្ខណៈផ្លូវការ គ្រប់ដណ្ដប់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានណែនាំដល់គ្រប់បណ្ដាមន្ទីរ-អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមជួយគាំទ្រ និងសហការដើម្បីឲ្យស្ថានីយ៍ទូរទស្សន៍នេះ ដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ រលូន និងទទួលបានលទ្ធផលជោគជ័យ ជាពិសេសទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងទូរទស្សនិកជនគ្រប់ស្រទាប់ និងគ្រប់វ័យ៕