(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានផ្តាំផ្ញើដល់មន្ត្រីក្រោមឱវាទ ប្រើសុភវិនិឆ័យ ពោលត្រូវវាយតម្លៃប្រកបដោយភាពត្រឹមត្រូវ អំពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា និងសមិទ្ធផលនានាដែលសម្រេចបាន ក្រោមដំបូលសន្តិភាព និងការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ របស់សម្ដេចតេជោ ហ៊ុន សែន។
លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «បើយើងបរិភោគទឹក សូមនឹកដល់ប្រភព បើយើងបានបរិភោគផ្លែឈើ ត្រូវនឹកដល់អ្នកដែលដាំ។ ប្រទេសជាតិយើងបានសន្តិភាព ហើយយើងបានជួបគ្នា សប្បាយរីករាយ មានសុវត្ថិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន គឺបានមកពីការលេះបង់នៃសាច់លោហិត និងបុព្វការីជន ដែលបានពិលីជិវិតដើម្បីបុព្វហេតុជាតិ-មាតុភូមិ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៣៩ឆ្នាំ»។
ការថ្លែងបែបនេះរបស់លោក ប៉ាន សូរស័ក្ដិ បានធ្វើឡើងនៅក្នុងពិធីជប់លៀងអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលរៀបចំឡើងនៅក្នុងបរិវេណ ក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ដែលមានការចូលរួមយ៉ាងច្រើនកុះករពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់។
នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានវាយតម្លៃខ្ពស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលខិតខំយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតនាំមកនូវសមិទ្ធផល និងស្នាដៃធំៗជាច្រើនសម្រាប់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាទាំងមូល។ លើសពីនេះ លោកក៏បានសំណូមពរដល់មន្ត្រី ត្រូវប្រកាន់ខ្ជាប់នូវវប្បធម៌ការងារល្អនេះបន្តទៀត ដើម្បីនាំមកនូវវឌ្ឍនភាព និងឧត្តមភាពសម្រាប់ វិស័យពាណិជ្ជកម្មរបស់កម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ជូនវិស័យឯកជន និងភាគីពាក់ព័ន្ធនានា បានរៀបចំលិខិតបទដ្ឋានគតិយុត្តិក្រោមវិស័យពាណិជ្ជកម្ម ដើម្បីឆ្លើយតបជាមួយការវិវឌ្ឍនៃទីផ្សារថ្មីៗ បានធ្វើការទប់ស្កាត់ សកម្មភាពធុរកិច្ចខុសច្បាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់ បានបង្កើតស្ថានបេសកម្មអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការ WTO ព្រមទាំងរៀបចំដោយជោគជ័យនូវកិច្ចប្រជុំសំខាន់ៗ ដែលបានលើកស្ទួយកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិជាដើម៕