(ភ្នំពេញ)៖ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូ មូលនិធិសកលស្នាក់ការកណ្តាល ទីក្រុងហ្សឺណែវ ដឹកនាំដោយលោក Mark Edington ប្រធានផ្នែកគ្រប់គ្រងគម្រោងជំនួយ នៃមូលនិធិសកល នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នេះ។
កិច្ចប្រជុំរួមគ្នានេះ មានគោលបំណង ផ្សព្វផ្សាយដល់សមាជិកថ្មី នៃគណៈកម្មាធិការសម្របសម្រួល និងកម្មវិធីជាតិឲ្យយល់ដឹងអំពីដំណើការ នៃមូលនិធិសកល និងបានផ្លាស់ប្តូរមតិជាមួយ គណៈប្រតិភូមូលនិធិសកល។
គួររំឭកថា ព្រះរាជាណាចក្រកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងទទួលគម្រោង ជំនួយមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ សំរាប់រយៈពេលគម្រោង៣ឆ្នាំ ពី២០១៨ ដល់២០២០។ គម្រោងជំនួយប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នេះ ត្រូវបានសម្ពោធឲ្យដំណើការអនុវត្ត កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ ដោយលោកទេសរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង លោក Mark Edington ប្រធានផ្នែកគ្រប់គ្រងគម្រោង ជំនួយមូលនិធិសកល ក្រុងហ្សឺណែវ ដែលមានទឹកប្រាក់៥៥ លានដុល្លារ។
រាជរដ្ឋាភិបាលកម្ពុជា គ្រោងចូលរួមចំណាយប្រមាណជាង ១២លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំ សំរាប់គម្រោងប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ នៅព្រះរាជាណាចក្រកម្ពុជា បន្ថែមលើគ្រោងចំណាយថវិកា ប្រមាណ៩៨ លានដុល្លារ ផ្តល់ដោយមូលនិធិសកល។ ថវិកាប្រមាណ៥៥លានដុល្លារ ត្រូវបានបែងចែក សំរាប់ប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺរបេង ហើយចំណែកទឹកប្រាក់ប្រមាណ៤៣ លានដុល្លារ ប្រើប្រាស់ សំរាប់កិច្ចការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដោយរួមបញ្ចូលគម្រោងចំណាយប្រយុទ្ធ នឹងការស៊ាំថ្នាំព្យាបាលជំងឺគ្រុនចាញ់ នៅមហាអនុតំបន់ទន្លេមេគង្គផង៕