(តាកែវ)៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានចុះទៅសំណេះសំណាល និងសាកសួរសុខទុក្ខលោកអនុសេនីយ៍ទោ យស សាវ៉ន នាយរងផ្នែកការិយាល័យស្ថិតិពលរដ្ឋ ដែលមានជងឺធ្ងន់ធ្ងរ(ទាចទឹក) កំពុងសំរាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៨០ម៉ឺនរៀល សារុងមួយ អង្ករមួយបាវ ទឹកត្រី២យួ ទឹកស៊ីវ២យួ ព្រមទាំងបានផ្តល់ថវិកាជូនម្តាយលោក យស សាវ៉ន ចំនួន២០ម៉ឺនរៀល និងឧបត្ថម្ភថវិកាចំនួន២០ម៉ឺនរៀល ដល់ក្មេងពិកាចំនួន២នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀល សរុប២០ម៉ឺនរៀលផងដែរ។
នៅក្នុងឱកាសនោះលោកស្នងការ សុខ សំណាង បានផ្តាំផ្ញើការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដែលបានគិតគូជាប្រចាំចំពោះកងកម្លាំងនគរបាលទូទាំងប្រទេស។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានលើកទឹកចិត្តជូនចំពោះលោក យស សាវ៉ន ខិតខំតាំងស្មារតីយ៉ាងបានឲ្យច្រើន ក្នុងដំណាក់កាលនៅពេលនេះ៕