(ភ្នំពេញ)៖ ផ្សារទំនើបអ៊ីអន (AEON) បានជូនដំណឹងពីការគិតលុយបន្ថែមចំពោះការផ្ដល់ថង់បា្លស្ទិកដល់អតិថិជន ក្រោយមានការកំណត់ដោយអន្ដរក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាបរិស្ថាន។
អនុក្រឹត្យនេះមានគោលបំណង បង្កើនប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត និងការប្រើប្រាស់ថង់ផ្លាស្ទិក ក៏ដូចជាសំដៅកាត់បន្ថយផលប៉ះពាល់សុខភាព និងបរិស្ថាន។
ជាមួយគ្នានេះលោក ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានបញ្ជាក់ថា ការតម្រូវឲ្យហាងទំនិញ គិតកម្រៃបន្ថែមពីអតិថិជននេះ មិនមែនជាការធ្វើអាជីវកម្ម ដើម្បីរកចំណូលនោះទេ តែជាការពញ្ញាក់ស្មារតី ក៏ដូចជាការអប់រំដល់ប្រជាពលរដ្ឋ ឲ្យគិតគូពីបញ្ហាបរិស្ថាន តាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក៕