(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូន នាយទាហាន នាយទាហានរង ពលទាហាន យោធិនពិការ និវត្តន៍ជន និងគ្រួសារកងទ័ព នៃកងពលតូចថ្មើជើងលេខ៥៣ ចំនួន៥៥០នាក់ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ដែលស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានចូលមកដល់ក្នុងដ៏ខ្លីខាងមុខនេះ។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះវឌ្ឍនភាពរបស់អង្គភាព ដែលមានការអភិវឌ្ឍសមិទ្ធផលថ្មីៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកងពលតូចថ្មើជើងលេខ៥៣ បានចូលរួមជាច្រើន ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ហើយការបង្កើតឲ្យមានសម្ព័ន្ធមេត្រីភាព គឺផ្តល់ឱកាសឲ្យសមរភូមិក្រោយ បាននៅជាប់ជាមួយសមរភូមិមុខ ក្នុងកិច្ចការពារបូរណភាពទឹកដី។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោយប្រទេសមានសន្តិភាព រដ្ឋាភិបាលបានខិតខំពន្លឿនការកសាង ទូទាំងក្នុងប្រទេស និងបានជំរុញការកសាង នៅតាមបន្ទាត់ព្រំដែន ដើម្បីងាយស្រួលក្នុងកិច្ចការពារបូរណភាពទឹកដី ដោយការខិតខំពង្រីក ការកសាងផ្លូវនៅតាមបណ្តោយព្រំដែន ដែលថ្ងៃខាងមុខកម្ពុជា នឹងប្រែក្លាយតំបន់ដែលមិនធ្លាប់មានមនុស្សទៅដល់ ប្តូរពីតំបន់អតីតសមរភូមិប្រយុទ្ធ សំបូរទៅដោយគ្រាប់មីន ជំងឺគ្រុនចាញ់ ទៅជាតំបន់ដែលឈរជើងដ៏រឹងមាំ នឹងបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានរស់នៅ បង្កបង្កើនផលបាន។
លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋ ពិសេសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យោធិនពិការ និងនិវត្តន៍ជន តាមរយៈការតម្លើងប្រាក់បៀវត្ស ផ្តល់ផ្ទះ ដីសង្គមកិច្ច។ បន្ថែមលើនេះរដ្ឋាភិបាល បានបង្កើតបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីពិនិត្យព្យាបាលជំងឹ ជូនដោយឥតគិតថ្លៃ ដែលផ្ទុយពីគណបក្សប្រឆាំង មិនដែលគាំទ្រឲ្យតម្លើងប្រាក់ខែទាហានទេ គេចោទថាទាហានជារបស់រដ្ឋាភិបាល ជារបស់គណបក្សប្រជាជន។
ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានផ្ដល់អំណោយដូចជា ឧបត្ថម្ភគម្រោងសាងសង់ផ្លូវចូលបញ្ជាការដ្ឋាន៤៥,០០០ដុល្លារ, ថវិកាជូនកងពលចំនួន២៥លានរៀល, ជូននាយទាហាន នាយទហានរង និងពលទាហានចំនួន៤០០នាក់ ម្នាក់ៗ២០ម៉ឺនរៀល, ជូនគ្រួសារយោធិន១៥០នាក់ ម្នាក់ៗសារុង០១ ថវិកា១៥ម៉ឺនរៀល, ជូនយោធិនពិការ២០នាក់ ម្នាក់ៗអង្ករ២៥គីឡូក្រាម មី០១កេស ត្រីខ០២យួរ ថវិការ២៥ម៉ឺនរៀល និងឧបត្ថម្ភមអាហាសាមគ្គីថវិកា៤លានរៀល។
ដោយឡែក ផ្ទះ៥ខ្នង ០១ខ្នងទំហំ (០៤ម៉ែត្រ គុណ០៦ម៉ែត្រ) ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកំពស់ ០១ម៉ែត្រ តសំយ៉ាបទៅក្រោយប្រវែង (០៣ម៉ែត្រ គុណ២.៥ម៉ែត្រ) ដែលបានចាប់សាងសង់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង៥នាក់ ដែលទីទ័លក្រ និងគ្មានទីជំរកសមរម្យ៕