(ប៉ៃលិន)៖ អតីតយុទ្ធជនដែលបានលះបង់ និងពលីកម្លាំងកាយចិត្តដ៏អង់អាចក្លាហានក្នុងបុព្វហេតុជាតិមាតុភូមិក្នុងពេលធ្លាក់ក្នុងភ្លើងសង្គ្រាម ហើយខ្លះត្រូវធ្លាក់ខ្លួនពិការព្រោះមរតកនៃភ្លើងសង្គ្រាមនេះ បានបង្ហាញក្តីរីករាយនៅពេលពួកគាត់ទទួលបានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដោយមិនបំភ្លេចពួកគាត់ចោលក្រោយពេលស្រុកទទួលបានសុខសន្តិភាព។
ក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ដែលធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជានាថ្ងៃអាទិត្យ កន្លងទៅនេះ លោកវរៈសេនីយត្រី គង់ សាក់ ជាយោធិនពិការជើងទាំងពីរ ហើយបច្ចុប្បន្នមានវ័យ ៦៦ឆ្នាំហើយនោះ និងមានអតីតភាពជាមេបញ្ជាការកងវរៈសេនាតូចគាំទ្រកងពល១៩៦ បានថ្លែងថា លោកបានធ្វើពលីកម្មសព្វបែបយ៉ាងលើសមរភូមិសង្គ្រាមព្រោះតែចង់បញ្ចប់ភ្លើងសង្គ្រាម និងវិវាទរវាងខ្មែរ ហើយទីបំផុតមរតកនៃភ្លើងសង្គ្រាមនេះ បានបន្សល់ទុកឲ្យរូបលោកនូវការពិការជើងទាំងសងខាងដល់បច្ចុប្បន្ន។
បើទោះបីជាយ៉ាងនេះក្តី លោក គង់ សាក់ មិនបានតូចចិត្តតូចថ្លើម ឬអាក់អន់ស្រពន់ចិត្តអ្វីនោះឡើយ ព្រោះអ្វីដែលលោកបានលះបង់ គឺដើម្បីជាតិមាតុភូមិ និងដើម្បីការរស់រៀនរបស់ប្រជាពលរដ្ឋខ្មែរ។ អ្វីដែលធ្វើឲ្យលោក គង់ សាក់ មានអារម្មណ៍មិនខកបំណងទៀតនោះ គឺការលះបង់របស់លោកមិនត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បំភ្លេចចោលនោះឡើយ ហើយបានយកចិត្តទុកដាក់ខ្ពស់ថែមទៀត។
បើតាមលោក គង់ សាក់ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អតីតយុទ្ធជន ក្រៅប្រាក់ខែប្រចាំខែហើយនោះ នៅមានគោលនយោបាយផ្តល់ដី ផ្តល់ផ្ទះដល់អតីតយុទ្ធជន ដែលក្រខ្សត់ថែមទៀតផង។
គុណបំណាច់ដែលលោក គង់ សាក់ បានធ្វើសម្រាប់ជាតិមាតុភូមិ ក៏ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ប្រទានមេដាយការពារជាតិថ្នាក់ប្រាក់ជូនលោកផងដែរ។ លោក គង់ សាក់ បានបង្ហាញក្តីរំភើបរីករាយជាខ្លាំងចំពោះការប្រទានមេដាយការពារជាតិនេះ។
«មេដាយនេះ គឺជាការបង្ហាញថា រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន នៅតែនឹករលឹកពីគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់សម្រាប់ជាតិមាតុភូមិ។ ប៉ុណ្ណេះខ្ញុំអស់ចិត្តហើយសម្តេចតេជោ ហ៊ុន សែន លោកមិនបានបំភ្លេចពួកយើងជាអតីតយុទ្ធជននោះឡើយ»។ លោក គង់ សាក់ បញ្ជាក់បន្ថែម។
សូមរំលឹកដែរថា ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម បានស្នើឲ្យអតីតយុទ្ធជនរៀបចំសរសេរ និង ចងក្រងប្រវត្តិសង្ខេបរបស់ខ្លួនដោយផ្តោតលើស្នាដៃ សកម្មភាពការងារ និងការតស៊ូប្រយុទ្ធលើសមរភូមិ រហូតក្លាយជាជនពិការ បាត់បង់សមត្ថភាពការងារ ឬចូលនិវត្តន៍ជាដើម ដើម្បីតម្កល់ទុកជាឯកសារសម្រាប់កូនចៅជំនាន់ក្រោយ។
លោក គង់ សាក់ ចាត់ទុកគំនិតឲ្យរៀបចំសរសេរចងក្រងនូវប្រវត្តិស្នាដៃ និងបទពិសោធន៍របស់អតីតយុទ្ធជនសម្រាប់កូនចៅជំនាន់ក្រោយនេះ គឺជារឿងដ៏ល្អ ហើយក៏ជាតម្កល់នូវគុណបំណាច់របស់អតីតយុទ្ធជនសម្រាប់ជាតិមាតុភូមិផងដែរ។
តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម បងប្អូនអតីតយុទ្ធជនក្នុងខេត្តប៉ៃលិន បានរួមគ្នាគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរជានិច្ចដល់អតីតយុទ្ធជន។
សូមបញ្ជាក់ថា អតីតយុទ្ធជនខេត្តប៉ៃលិនមានសរុប ១,៣៤១នាក់ ត្រូវបានអគ្គលេខាធិការ គន់ គីម បំពាក់មេដាយការពារជាតិ ក្នុងនោះរួមមាន ថ្នាក់មាសចំនួន ០១នាក់ ថ្នាក់ប្រាក់ចំនួន ២២៣នាក់ និង ថ្នាក់សំរិទ្ធចំនួន ១,១១១នាក់៕