(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញគោលការណ៍សម្រាប់ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្ដីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឫពិភាក្សា អំពីគោលនយោបាយរបស់ គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលមានបំណងរៀបចំ កម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សា អាចពិគ្រោះយោបល់ ជាមួយគណៈកម្មការសម្របសម្រួលកម្មវិធីស្មើភាព គ.ជ.ប មុននឹងចាប់ផ្ដើមកម្មវិធីនេះ លើបញ្ហាមួយចំនួនដូចជា៖
* លក្ខណៈបច្ចេកទេសដែលត្រូវរៀបចំធ្វើ
* ប្រធានបទ ឫសំណួរ ដែលត្រូវដាក់ជូនគណបក្សនយោបាយ
* ការសម្របសម្រួលទីតាំងប្រជុំ និងសន្ដិសុខ សុវត្ថិភាព។
គ.ជ.ប បានបញ្ជាក់បន្ថែមទៀតថា «សាមីអង្គការ ឬប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលរៀបចំកម្មវីធី ត្រូវទទួលខុសត្រូវលើខ្លឹមសារផ្សព្វផ្សាយគោលនយោបាយនេះ នឹងទទួលបន្ទុករាល់ការចំណាយទាំងអស់»។
សម្រាប់ព័ត៌មានលម្អិត សូមអាននៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប នៅខាងក្រោមនេះ៖