Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សយុវជនកម្ពុជា ប្រកាសទទួលស្គាល់ អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ជា​ក្រុមការងាររបស់ខ្លួន ប្រចាំខេត្តសៀមរាប​

10-04-2018 11:50

(សៀមរាប)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសទទួលស្គាល់ក្រុមការងាររបស់ខ្លួន ប្រចាំខេត្តសៀមរាប ដែលសុទ្ធតែដើរចេញពីអតីតបក្សសង្គ្រោះជាតិ ដោយសារមើលឃើញនូវទង្វើក្បត់ជាតិ។

បើតាមលោក ពេជ្រ ស្រស់ ក្នុងពិធីប្រកាសនេះ ​គឺលោក ម៉ែន សារ៉ន ជាប្រធានគណៈ​ពង្រឹងខេត្ត ដែលអតីតជា​សកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តសៀមរាប និងលោក ឈុន សុគន្ធ ជាប្រធានចលនាយុវជន​របស់គណបក្សយុវជនកម្ពុជា ប្រចាំខេត្តសៀមរាប ជាអតីតក្រុមការងារចលនាយុវជន មកពីអតីតគណបក្សសង្រ្គោះជាតិប្រចាំខេត្តសៀមរាប។

ក្រោយប្រកាសទទួលស្គាល់ ទាំងលោក ម៉ែន សារ៉ន និងលោក ឈុន សុគន្ធ បានលើកឡើងថា ការចាកចេញពីអតីតគណបក្សសង្គ្រោះជាតិ ដោយសារមើលឃើញ នូវទង្វើក្បត់ជាតិ ដោយមានការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីបំផ្លាញសន្ដិភាពដែលមានសព្វថ្ងៃនេះ ហើយពួកគាត់អះអាងថា «យើងរួមគ្នា ដើម្បីអភិវឌ្ឍន៍ជាតិខ្មែរ ឲ្យរីកចម្រើនជានិច្ចនិរន្ត»៕​