(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា ក្រុមជនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបុគ្គលឈ្មោះ «សម សេរី» ដែលមានមូលដ្ឋាននៅក្រៅប្រទេសនោះ បានរៀបចំផែនការបំផ្លាញការសប្បាយរបស់ប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ បញ្ហាទាំងអស់នេះត្រូវបានសម្តេចតេជោ ដឹងរួចរាល់ហើយ ព្រមទាំងបានរៀបចំវិធានការរក្សាសន្តិសុខតឹងរឹងបំផុតមិនឲ្យបំណងទុច្ចរិតរបស់ក្រុមជនដែលសម្តេចហៅថាជនក្បត់ជាតិនេះធ្វើបានសម្រេចនោះឡើយ។
ការប្រកាសទម្លាយពីបំណងទុច្ចរិតរបស់ក្រុម «សម សេរី» នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។
បើតាមសម្តេចតេជោ ហ៊ុន សែន ក្រុម «សម សេរី» មានផែនការរៀបចំការបំផ្ទុះនៅវត្តភ្នំ និងនៅសៀមរាប ដើម្បីរំខានការលេងសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ។ សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមប្រកាសថា ផែនការលោកឯងពាក់ព័ន្ធថ្ងៃទី១២ នៅវត្តភ្នំ អ្នកឯងត្រូវប្រយ័ត្ន ខ្ញុំគ្រប់គ្រងសភាពការណ៍បានរួចមុនហើយ។ អាហ្នឹងមេក្បត់ជាតិមួយ សម សេរី កំពុងបញ្ជាមកឲ្យបង្កស្ថានភាពផ្ទុះ ខ្ញុំបានបញ្ជូនទៅឲ្យផ្នែកពាក់ព័ន្ធហើយ។ វាចងបង្កឲ្យមានសំឡេងផ្ទុះ ប៉ុន្តែផែនការរបស់អ្នកឯង ខ្ញុំបានចាប់យករួចមុនទៅហើយ។ អ្នកឯងប្រុងធ្វើនៅភ្នំពេញ ហើយនិងនៅសៀមរាប»។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ផងដែរថា អ្នកដែលទទួលបញ្ជាពី សម សេរី នេះ បានបដិសេធរួចហើយថាធ្វើមិនកើត។ ទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន នៅតែអំពាវនាវដល់កម្លាំងសមត្ថកិច្ចបន្តយកចិត្តទុកដាក់ខ្លាចជនក្បត់ជាតិរូបនេះរកមនុស្សផ្សេងមកធ្វើសកម្មភាព។
សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ កងកម្លាំងសមត្ថកិច្ចទាំងអស់នឹងដាក់ពង្រាយតាមដងផ្លូវ និងកន្លែងកម្សាន្តសប្បាយនានា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋខ្មែរ។
សូមបញ្ជាក់ថា សម សេរី គឺជាក្រុមមួយដែលកំពុងរស់នៅក្រៅប្រទេសហើយតែងតែធ្វើចលនាប្រឆាំងរាជរដ្ឋាភិបាលខ្មែរ។ ពួកគេតែងធ្វើសកម្មភាពពីក្រៅប្រទេសបញ្ជាមកបក្ខពួកនៅក្នុងប្រទេសធ្វើសកម្មភាពមួយចំនួនរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយនាពេលកន្លងទៅក្រុមរបស់ពួកគេមួយចំនួនក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទប៉ុនប៉ងធ្វើភេរវកម្មផងដែរ៕