(ភ្នំពេញ)៖ អតីតមន្រ្តីនគរបាល មន្រ្តីអាវុធហត្ថ និងអតីតយុទ្ធជនចំនួន១០២រូប នៅខណ្ឌឬស្សីកែវ មានការសប្បាយរីករាយយ៉ាងក្រៃលែង បន្ទាប់ពីទទួលបានប្រាក់ឧបត្ថម្ភ បន្ថែមនៅមុនចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ក្នុងម្នាក់ៗ ចំនួន៥ម៉ឺនរៀល (សរុប៥លាន១សែនរៀល) របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រធានកិត្តិយសអតីតយុទ្ធជនខណ្ឌឬស្សីកែវ លោក ជា ពិសី និងជាអភិបាលខណ្ឌ។
លោក ជា ពិសី នៅល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញមន្រ្តីទាំងនេះ មកទទួលយកប្រាក់ដោយផ្ទាល់ដៃ ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន៤លានរៀល និងប្រេងសាំងចំនួន២០០លីត្រ ហើយក៏បានជូនអធិការដ្ឋាននគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ចំនួន៣លានរៀល និងប្រេងសាំងចំនួន២០០លីត្របន្ថែម សរុប១២លាន១សែនរៀល។
លោក ជា ពិសី បានថ្លែងថា ក្រៅពីប្រាក់ខែកម្មករ-កម្មការិនី និយោជិត ត្រូវបានដំឡើងជាបន្តបន្ទាប់ឲ្យកាន់តែមានជីវភាពធូរធានោះ ប្រាក់ខែមន្ត្រីរាជការ និងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ ក៏ត្រូវបានដំឡើងផងដែរ ហើយប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ទទួលបានផងដែរ ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខណ្ឌ បានលើកឡើងថា ការអភិវឌ្ឍន៍ និងសុខសន្តិភាពពេញបរិបូរណ៍ ដែលប្រជាពលរដ្ឋកម្ពុជាទទួលបានរយៈពេល៤០ឆ្នាំ ក្រោយជួបសង្គ្រាមដ៏រ៉ាំរ៉ៃ រហូតមកទល់បច្ចុប្បន្ននេះ គឺបានមកពីសម្ដេចតេជោ ហ៊ុន សែន ដែលខិតខំប្រឹងប្រែងប្រើអស់កម្លាំងកាយ ស្មារតី និងយកអាយុជីវិតរបស់សម្តេចផ្ទាល់ ទៅធ្វើជាដើមទុន ដើម្បីទប់ស្កាត់មិនអនុញ្ញាតឲ្យកើតមាន «បដិវត្តន៍ពណ៌» ជាដាច់ខាតព្រោះ «បដិវត្តន៍ពណ៌» នឹងបង្កគ្រោះថ្នាក់ បំផ្លិចបំផ្លាញ ភាពខ្លោចផ្សា សោកនាដកម្ម និងភាពខ្ទេចខ្ទាំដល់ប្រជាជនហើយ ទីបំផុតបំផ្លាញប្រទេសជាតិទាំងមូល៕