(ស្វាយរៀង)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ លោកផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីចុះពិនិត្យទំនិញនៅតាមផ្សារ និងតាមផ្ទះលក់អីវ៉ាន់ចាប់ហួយ នៅក្រុងបាវិត តែពុំបានរកឃើញសារធាតុគីមីនោះទេ តែបានរកឃើញទឹកក្រូចជាច្រើនដបហួសកំណត់ការប្រើប្រាស់។

លោកផឹង និល បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ មានគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ លោបានបន្តថា ការទទួលខុសត្រូវលើ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា មន្ត្រីជំនាញបានធ្វើការពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងនោះពុំបានរកឃើញសារធាតុគីមីនោះទេ ចំណែកអ្នកលក់ ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំនិញដែលខួចគុណភាពហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះបានយល់ដឹង នូវផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ។

ជាចុងក្រោយ លោកផឹង និល បានធ្វើការអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀងឲ្យបានញឹកញាប់បន្ថែមទៀត៕