(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជំរុញឲ្យកងកម្លាំងយោធា ចូលរួមយកចិត្តទុកដាក់ លើការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំថ្មីនាពេលខាងមុខ។ ជាមួយគ្នានេះនាយទាហាន នាយទាហានរង និងពលទាហាន ត្រូវយកចិត្តទុកដាក់ខិតខំ ហ្វឹកហាត់លើជំនាញដែល មានស្រាប់ ត្រូវប្រកាន់ភ្ជាប់នូវវិន័យ បទបញ្ជាដែលបានកំណត់។
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ មាស សុភា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងមួយខ្សែប្រវែង៨០០ម៉ែត្រ ទទឹង៥.៥ម៉ែត្រ ដែលជាអំណោយរបស់យោធាខេត្តដុងថាប់ ភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ដោយមានការចូលរួមពីលោក គ្រឹន វ៉ាន់គឿង មេបញ្ជាការកងទ័ពប្រជាជនវៀតណាម ភូមិភាគទី៩ ខេត្តដុងថាប់ ស្ថិតនៅទីបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ភ្លន់ តារា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលបានសម្មិទ្ធផល ដែលជាចំណងដៃថ្មីថែមទៀត ពីដៃគូសម្ព័ន្ធមេត្រីភាពដិងថាប់ គឺផ្លូបេតុងមួយខ្សែដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ បានចាប់ផ្តើមបើកការដ្ឋាននាថ្ងៃទី៦ ខែកុម្ភៈ នឹងបានបញ្ចប់រួចរាល់នៅថ្ងៃទី២១ ខែមីនា ដែលមានរយៈពេល៤៥ថ្ងៃ ក្នុងនោះ ត្រូវចំណាយថវិកាអស់ចំនួន៥០០០០ដុល្លារ។
លោក គ្រឹន វ៉ាន់កឿង បានបង្ហាញក្តីរីករាយជាខ្លាំងដែលកងកម្លាំងយោធាខេត្តបន្ទាយមានជ័យ បានសហការយ៉ាងល្អ ក្នុងកិច្ចការជួយសម្រួលដល់ការបំពេញការងារ របស់ក្រុមការងារកងទ័ពវៀណាម ក្នុងបេសសកម្មស្វែងរកអដ្ឋិធាតុអតីតកងទ័ពវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា រហូតទទួលបានជោគជ័យ។ ក្នុងនោះលោក គ្រឹន វ៉ាន់កឿង បានលើកឡើងថា ដើម្បីជាអនុស្សាវរីយ៍ ខេត្តដុងថាប់ បានផ្តល់ជូនផ្លូវបេតុងប្រវែង៨០០ម៉ែត្រ សម្រាប់ជាចំណងដៃសម្ព័ន្ធមេត្រីភាព រវាងខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ ដែលជាដៃគូសហការដ៏ស្អិតរមួតមិនអាចកាត់ផ្តាច់បាន។
នាយឧត្តមសេនីយ៍ មាស សុភា បានពាំនាំនូវប្រសាសនផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាឱកាសចូលឆ្នាំថ្មី។ នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងអំណរគុណ ដល់ភាគីវៀតណាម ដែលបានជួយស្ថាបនាផ្លូវ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការចូលមកទីបញ្ជាការ។ ក្នុងនោះលោកបន្តថា កងកម្លាំងទាហាន មានតួនាទីសំខាន់ក្នុងកិច្ចការពារ ពបូរណភាពទឹកដី ពីខ្មាំងសត្រូវដែលចូលមកឈ្លានពានទឹកដី មិនត្រឹមតែប៉ុណ្ណាះ បងប្អូនកងទ័ពយើង បានលះបង់តស៊ូគ្រប់បែបយ៉ាង នៅក្នុងសមរភូមិ ដោយមិនខ្លាចសេចក្តីស្លាប់ឡើយ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានថ្លែងអំណរគុណដល់កងកម្លាំងទាហាន ដែលបានលះបង់គ្រប់យ៉ាងដើម្បីការពាររាជរដ្ឋាភិបាល និងគោរពស្រឡាញ់ ជឿជាក់លើសម្តេចតេជោ ហ៊ុន សែន និងបានបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ជូនគណកប្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសឲ្យកាន់តែមានការរីកចម្រើន។ នៅថ្ងៃបោះឆ្នោតខាងមុខ នាយឧត្តមសេនីយ៍ ក្រើនរំលឹកដល់កងកម្លាំង ត្រូវតែយកចិត្តទុកដាក់ឲ្យមែនទែន លើការងារការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ក្រែងមានបាតុភាពណាមួយកើតឡើង នាពេលបោះឆ្នោតជ្រើសតាំងតំណាំងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏ត្រូវបានប្រកាសតែងតាំងមុខដំណែងបន្ថែម តាមអនុក្រឹត្យ ស្តីពីការតែងតាំងមុខងារ នាយទាហាន លេខ ៨៣ អនក្រតត ជាមេបញ្ជាការរង យោធភូមិភាគទី៥ បន្ថែមលើមុខងារបច្ចុប្បន្ន រួមនិងបំពាក់ឋាន្តស័ក្តិដល់នាយទាហាន ដែលមានស្នាដៃមួយចំនួនទៀតផងដែរ៕