(ស្ទឹងត្រែង)៖ លោក កែវ ប៊ុនឈឿន រួមទាំងប្រជាពលរដ្ឋដទៃទៀត រស់នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងនៅថ្ងៃនេះ បានទាមទារឱ្យតុលាការដាក់គុក លោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរ ដើម្បីឆ្លើយតបនឹងការធ្វើអំពើក្បត់ជាតិ លួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរ ឱ្យទៅជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា ឬយួនដេកា។

លោក កែវ ប៊ុនឈឿន បានអះអាងថា រូបលោក និងប្រជាពលរដ្ឋ ពុំសប្បាយចិត្តនោះទេ នៅពេលដែលដឹងថា មេដឹកនាំនយោបាយក្រុមប្រឆាំងមួយនេះ លួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីដែលលោករស់នៅ ហើយអះអាងថា មិនត្រឹមតែប្រជាពលរដ្ឋ នៅក្នុងខេត្តទាំង៤ ដែលត្រូវលោក សម រង្ស៊ី កាត់ទៅឱ្យជនជាតិភាគតិចវៀតណាមនោះទេ ដែលខឹងសប្បារនឹងរឿងនេះ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសក៏មិនសប្បាយចិត្តដូចគ្នា។

ការប្រតិកម្មរបស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមរបស់ លោក សម រង្ស៊ី បានផ្ទុះចេញមក បន្ទាប់ពីសកម្មជនប្រឆាំងទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុនរវាង លោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។

ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានលើកឡើងទៀតថា លោក សម រង្ស៊ី មិនដែលឃើញបានកសាងអ្វីមួយដុំ សម្រាប់កម្ពុជាទេ បែរជាហ៊ានធ្វើទង្វើក្បត់ជាតិ លួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរ ទៅឱ្យជនជាតិដទៃបាត់ទៅហើយ ដូច្នេះប្រជាពលរដ្ឋមិនជឿលើគាត់ទេ។ លោកបានបន្តថា ជនជាតិម៉ុងតាញ៉ានេះ មិនមែនជាជនជាតិភាគតិចខ្មែរទេ គឺជាជនជាតិភាគតិចវៀតណាម។

លោក កែវ ប៊ុនឈឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រជាពលរដ្ឋចង់ឱ្យដាក់គុក សម រង្ស៊ី តែម្តង។ សន្តិភាពពិបាករកណាស់ យើងមិនចង់ឱ្យមានសង្រ្គាមបង្ហូរឈាមម្តងទៀតទេ យើងមិនចង់ឱ្យមានការបែងចែកទឹកដី ប៉ុន្តែបូរណភាពទឹកដី ដែលរដ្ឋាភិបាលគ្រប់គ្រងបច្ចុប្បន្ននេះ គឺគាប់ប្រសើរជាទីបំផុត»។ ពលរដ្ឋខេត្តស្ទឹងត្រែង ក៏ប្រកាសចេញមុខប្រឆាំងនឹង លោក សម រង្ស៊ី ហើយទាមទារមិនឱ្យបុគ្គលរូបនេះ ធ្វើនយោបាយ នៅកម្ពុជាទៀតឡើយ។

សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ៕