(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យគណៈប្រតិភូ កីឡាករ-កីឡាការិនី ជយលាភីមេដាយមាសចំនួន ៤០រូប ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នាពេលខាងមុខ។
ពិធីនេះត្រូវបានធ្វើឡើងនៅវិមានព្រឹទ្ធសភា ដែលដឹកនាំគណៈប្រតិភូ កីឡាករ-កីឡាការិនី ដោយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងថ្នាក់ដឹកនាំមន្រ្តីរដ្ឋសភា និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀត។ ចំណែកកីឡាករ-កីឡាការិនី ដែលត្រូវបានអនុញ្ញាតឲ្យចូលរួម គឺសុទ្ធតែជាម្ចាស់មេដាយមាសនៃព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន៥ រួមមានព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games ឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៧), ព្រឹត្តិការណ៍ World Championship ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧, ព្រឹត្តិការណ៍ Asian Beach Games ឆ្នាំ២០១៦, ព្រឹត្តិការណ៍ Asian Championship ឆ្នាំ២០១៦-២០១៧ និងព្រឹត្តិការណ៍ Asian Games ឆ្នាំ២០១៤។
ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្ដល់នូវកាដូពិសេសសម្រាប់កីឡាករ-កីឡាការិនី ដែលដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍ថ្នាក់តំបន់ ថ្នាក់ទ្វីប និងកម្រិតពិភពលោកខាងលើ នូវប្រាក់រង្វាន់លើកទឹកចិត្តបន្ថែម ដែលជាថវិកាផ្ទាល់របស់សម្តេចក្នុងម្នាក់ៗ ទទួលបាន ១០លានរៀលផងដែរ។ បន្ថែមលើនេះ សម្ដេចប្រធានព្រឹទ្ធសភា បានឧបត្ថម្ភជួយដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នូវថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារទៀតផងដែរ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយចប់ពិធីជួបសំណេះសំណាល និងសម្ដែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ កាលពីព្រឹកមិញ។
លោក វ៉ាត់ ចំរើន បានបន្ដថា ក្រោយពីផ្ដល់នូវកាដូ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់កីឡាករ-កីឡាការិនីជយលាភីនាពេលឆាប់ៗខាងមុខ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ដល់នូវអនុសាសន៍ល្អៗជាច្រើន ពិសេសសម្ដេចបានជំរុញឲ្យថ្នាក់ដឹកនាំ ប្រតិភូ មន្ដ្រីសហព័ន្ធ និងកីឡាករ-កីឡាការិនី រួមគ្នាអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជុំវិញការហ្វឹកហាត់ ត្រូវយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស សម្រាប់បន្ដកិត្យានុភាព ឆ្ពោះទៅដណ្ដើមមេដាយជយលាភីជូនជាតិមាតុភូមិជាបន្ដបន្ទាប់។ បន្ថែមលើនេះ សម្ដេចក៏បានកោតសរសើរពីភាពរីកចម្រើននៃវិស័យកីឡាជាតិបច្ចុប្បន្ន ក្រោយមើលឃើញពីធនធានកីឡាករ-កីឡាការិនីវ័យក្មេងជាច្រើន បានចូលរួមលេងកីឡា ប្រកបដោយក្រមសីលធម៌ផងដែរ៕