(កោះកុង)៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកោះកុង អញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ពីព្រោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើលើគ្រប់វិស័យ។
ការអំពាវនាវនេះ ខណៈលោកស្រី មិថុនា ភូថង អញ្ជើញចូលរួមជាមួយអាជ្ញាធរស្រុកមណ្ឌលសីមា និងមន្រ្តី បាននិមន្តព្រះសង្ឃ សួត្រមន្តស្រោចទឹកប្រសិទ្ធពរជ័យ សេរីសួស្តីមង្គលវិបុលសុខ មុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជូនដល់មន្ត្រីរាជការ លោកយាយ លោកតា ព្រមទាំងប្រជាពលរដ្ឋឲ្យបានគ្រប់ក្រុមគ្រួសារ។
ពិធីនេះបានរៀបចំឡើងនៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ នៅបរិវេណសាលាស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការចូលរួមផងដែរពីលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត, លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងមន្ត្រីរាជការជាច្រើនរូប។
លោកស្រី មិថុនា ភូថង បានលើកឡើងពីប្រវត្តសាស្ត្រដ៏ជូរចត់ នៅក្នុងអតីតកាលដែលប្រជាពលរដ្ឋ មិនអាចបំភ្លេចបាន ដែលបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ធ្លាប់ឆ្លងកាត់ទាំងអស់គ្នា គឺរបបវាលពិឃាតដ៏ខ្មៅងងឹត ដែលធ្វើឲ្យឪពុកម្តាយ មិនស្គាល់កូនៗ មិនស្គាល់ឪពុកម្តាយ ហើយសម្លាប់មនុស្សដោយគ្មានញញើតដៃ មានតែរងទុក្ខវេទនាគ្រប់បែបយ៉ាង គ្មានសេរីភាពឡើយ។
លោកស្រីថា «ជាពិសេសភ្នក់ភ្លើងសង្រ្គាមដែលយើងមិនអាចបំភ្លេចបានឡើយ តែក្រោយថ្ងៃ៧ មករា១៩៧៩ រហូតដល់បច្ចុប្បន្ន ភាពក្រោមការដឹកនាំរបស់គណប្រជាជនកម្ពុជា ប្រទេសយើងទទួលបានសម្ធិផលគ្រប់បែបយ៉ាង ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយរដ្ឋមន្ត្រី នៃកម្ពុជា ដែលប្រើយុទ្ធសាស្រ្តនយោបាយឈ្នះឈ្នះ ធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញផ្ទៃប្រទេស មានសិទ្ធិក្នុងការដើរហើរ មានសិទ្ធិស្មើរៗគ្នា ហើយប្រទេសកម្ពុជាក៏មានកិត្តិសយក្នុងឆាកអន្តរជាតិដែរ»។
ជាមួយគ្នានេះ អភិបាលខេត្តកោះកុងរូបនេះ ក៏បានប្រាប់ទៅបងប្អូប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ កុំជឿសម្តី និងការញុះញុងរបស់ពួកក្បត់ជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ បក្សចោលនៅពេលថ្មីៗនេះ។ ដូច្នេះយើងជនជាតិខ្មែរ ត្រូវចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានសម្តេចតេជោ ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រីបន្តទៀត នៅអណត្តិទី៦នេះ ដូច្នេះសូមបងប្អូនអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។
នៅក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានផ្តល់នូវអំណោយជូនចាស់ព្រឹទ្ធាចារ្យចំនួន១៤០នាក់ ដោយលោកតាម្នាក់ៗ ទទួលបានខោចែ១ ក្រមា១ និងថវិកាចំនួន២ម៉ឺនរៀល លោកយាយម្នាក់ៗអាវ១ ក្រមា១ និងថវិកាចំនួន២ម៉ឺនរៀល ហើយពិសារបាយសាមគ្គីរាំកំសាន្តផងដែរ៕