(ភ្នំពេញ)៖ អគ្គនាយកដ្ឋានរតនាគារជាតិ នៅថ្ងៃទី១០ ខែេមសា ឆ្នាំ២០១៨នេះ បានបញ្ចប់ការផ្ទេរប្រាក់បៀវត្សសម្រាប់ខែមេសា ឆ្នាំ២០១៨ និងប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំចរ នព្វស័ក ពុទ្ធសករាជ ២៥៦២ ចូលក្នុងគណនីផ្ទាល់របស់មន្រ្តីម្នាក់ៗ របស់គ្រប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួចរាល់ទាំងស្រុងហើយ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានរតនាគារជាតិ ក៏បានជូនដំណឹងទុកជាមុនផងដែរថា ក្នុងករណីដែល លោក លោកស្រី ជាមន្រ្តីរាជការ នៅមិនទាន់ឃើញសាច់ប្រាក់នៅក្នុងគណនីធនាគាររបស់ខ្លួន សូមទំនាក់ទំនងដោយផ្ទាល់ទៅភ្នាក់ងារបើកផ្តល់របស់អង្គភាពសាមី។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៨ បានចេញសេចក្តីសម្រេចមួយ ដោយផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ចំនួន៥ម៉ឺនរៀល ជូនដល់មន្រ្តី ក្នុងនោះរួមមានមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែតដែលកំពុងបម្រើការងារ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជន និងអតីតយោធិននៃកងយោពលខេមរភូមិន្ទ អតីតមន្រ្តីនគរបាលជាតិកម្ពុជាផងដែរ៕