(ភ្នំពេញ)៖ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងឈានមកដល់ នាពេលខាងមុខនេះ នាព្រឹកថ្ងៃទី​១០ ខែមេសា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានរៀបចំពិធីសូត្រមន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ។

ការរៀបចំពិធីសូត្រមន្ដនេះ ធ្វើឡើងក្នុងគោលបំណងសុំពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ ក្រសួងមហាផ្ទៃ ព្រមទាំងប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជាទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យបន្ថែមទៀត នៅគ្រប់ភារកិច្ចរបស់ខ្លួន នាឱកាសបុណ្យចូលឆ្នាំ ប្រពៃ​ណី​ជាតិខ្មែរ ឆ្នាំច នព្វស័ក ពុទ្ធសករាជ ២៥៦២ ខាងមុខនេះ៕