(ភ្នំពេញ)៖ មិនត្រឹមតែគណបក្សកាន់តែអំណាចទេដែលប្រតិកម្មចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនោះ សូម្បីតែគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាបក្សក្រៅរដ្ឋាភិបាលធំមួយនៅកម្ពុជា ក៏បានប្រតិកម្ម និងប្រឆាំងចំពោះសារអំពាវនាវនេះផងដែរ។
លោក សាម អ៉ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី គឺជាគំនិតរបស់ «មនុស្សគិតខ្លី» និងថាជាការអំពាវនាវមួយឈានទៅបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា និងការជំរុញឲ្យប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមលើខ្លួនឯង។
លោក សាម អ៉ីន បានបញ្ជាក់លើ Facebook របស់លោកនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះថា «លោក សម រង្ស៊ី ជាមនុស្សគិតខ្លី ដែលយល់ថាមានតែរូបគាត់ និងក្រុមគាត់អាចប្រឈមនឹងបក្សប្រជាជនបាន ដែលការនេះជាការផ្ញើសារធ្វើឲ្យយុវជនខ្មែរ និងពលរដ្ឋខ្មែរអស់សង្ឃឹម និងបាត់បង់ភាពជឿជាក់លើខ្លួនឯង»។
អ្នកនាំពាក្យបក្សក្រៅរដ្ឋាភិបាលរូបនេះ បានលើកឡើងផងដែរថា ការអំពាវនាវនេះនឹងជួយគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្នដោយប្រយោល ពីព្រោះអ្នកដែលចង់បានការផ្លាស់ប្តូរមិនទៅបោះឆ្នោត នឹងផ្តល់លទ្ធផល គណបក្សប្រជាជនគ្រប់គ្រងកៅអីសភាលើសពី ២ ភាគ៣ ឬទាំងស្រុង ក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ខាងមុននេះ។
បើតាមលោក សាម អ៉ីន លទ្ធផលនោះនឹងធ្វើឲ្យដំណើរការស្តារលទ្ធិប្រជាធិបតេយ្យកាន់តែលំបាក ពីព្រោះនិន្នាការទៅរកគ្រប់គ្រងអំណាចបែបឯកបក្សទាំងស្រុងកាន់តែខ្ពស់។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នឹងឈានមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។ អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលក្រោមការចោទប្រកាន់ពីបទក្បត់ជាតិនោះ បាននឹងធ្វើសកម្មភាពជាច្រើនដើម្បីរារាំងការបោះឆ្នោតនេះ។
តែទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បានអះអាងថា ការបោះឆ្នោតនេះនឹងមិនមានការប្រែនោះឡើយ ហើយនឹងធ្វើទៅតាមកាលកំណត់។ អ្វីដែលធ្វើឲ្យកត់សម្គាល់នោះ ជប៉ុន ដែលជាប្រទេសប្រកាន់របបលទ្ធិប្រជាធិបតេយ្យដ៏ល្បាញល្បីមួយនៅអាស៊ី នៅតែបន្តប្រកាសជំហរដ៏មឹងម៉ាត់គាំទ្រចំពោះការបោះឆ្នោតនាពេលខាងមុខនេះ ទោះបីគ្មានវត្តមានគណបក្សសង្គ្រោះជាតិ៕