(ភ្នំពេញ)៖ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ បានចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺជុំវិញដំណើររឿងក្លែងឯកសារដោយអ្នកជំនាញ ដែលចោទប្រកាន់ដោយព្រះរាជអាជ្ញាអមតុលាការ។
ក្រៅពីលោក ស៊ូ ស៊ីវុត្ថា ក៏មានមន្ត្រីជំនាញផ្នែកសូរិយោដី៣នាក់ផ្សេងទៀត បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខចៅក្រមតុលាការផងដែរ ក្នុងនាមជាសាក្សីដោះបន្ទុក ប៉ុន្ដែនៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ទាំងជនត្រូវចោទ ទាំងសាក្សីបំភ្លឺត្រូវបានតុលាការអនុញាតឲ្យត្រឡប់ទៅផ្ទះវិញ។
សំណុំរឿងលោក ស៊ូ ស៊ីវុត្ថា កាន់តែក្តៅហើយ ទោះបីជាបច្ចុប្បន្នជនត្រូវចោទរូបនេះ កំពុងស្ថិតក្រៅសំណាញ់ច្បាប់ក៏ដោយ ព្រោះព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជូនដំណឹងអំពីការចោទប្រកាន់នេះ ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ដើម្បីមានចំណាត់ការបន្តទៀត។
លោក ស៊ូ ស៊ីវុត្ថា ត្រូវបានលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងចោទប្រកាន់ពីបទ ក្លែងដោយអ្នកជំនាញ តាមមាត្រា៥៥១ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមមុខនឹងការជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។
សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោក យ៉េត ចរិយា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានជូនដំណឹងដល់លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អំពីការបើកការស៊ើបសួរលើឈ្មោះ ស៊ូ ស៊ីវុត្ថា អាយុ៥០ឆ្នាំ ជាប្រធានភូមិបាល ខណ្ឌព្រែកព្នៅ ដោយយោងសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧៣៥ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមមាត្រា៥១ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រកឃើញថា លោក ស៊ូ ស៊ីវុត្ថា មានតម្រុយសន្មត់ថា បានប្រព្រឹត្តបទល្មើសក្លែងដោយអ្នកជំនាញប្រាកដមែន ហេតុដូច្នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបើកការស៊ើបសួរ។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរបង្ហាញថា លោក ស៊ូ ស៊ីវុត្ថា ដែលជាអ្នកជំនាញខាងរដ្ឋបាល បានធ្វើសេចក្ដីបញ្ជាក់មួយតាមរយៈ លិខិតលេខ០៧៧របក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ផ្ញើទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រង់ទំព័រទី២ បន្ទាត់ទី៧ ដែលមានខ្លឹមសារថា ឈ្មោះ នុត រស្មី បានលើកឡើងថា បើមានបណ្តឹងពីបុគ្គលណាមួយ សូមឲ្យទៅដោះស្រាយនៅសាលាខណ្ឌព្រែកព្នៅ ហើយពួកខ្លួនពុំអាចផ្អាកសកម្មភាពបានទេលុះត្រាតែ សាលាខណ្ឌមកផ្អាកទើបខ្លួនផ្អាកសកម្មភាពបាន។ ព្រះរាជអាជ្ញាចាត់ទុកថា ខ្លឹមសារនៃលិខិតបញ្ជាក់នេះ គឺជាការក្លែងទិន្នន័យ នៃរបាយការណ៍ ជាលាយលក្ខណ៍អក្សររបស់ខ្លួន ដែលត្រូវអាជ្ញាធរចាត់ទុកថាជាការពិត ហើយត្រូវកងរាជអាវុធហត្ថជឿជាក់ ហើយបានដាក់បន្ទុកលើឈ្មោះ នុត រស្មី ហើយធ្វើការឃាត់ខ្លួនតែម្ដង នៅក្នុងរឿងទំនាស់ដីធ្លីមួយ នៅក្នុងខណ្ឌព្រែកព្នៅ ដែលមានតម្លៃច្រើនលានដុល្លារ៕