(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ នៅវិមានសន្តិភាព លោក តារ៉ូ កូណូ (Taro KONO) រដ្ឋមន្រ្តីការបរទេសជប៉ុន គូសបញ្ជាក់អំពីវិស័យអាទិភាពសំខាន់ៗចំនួនបី ដែលរដ្ឋាភិបាលជប៉ុនបន្តជួយដល់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ០៩ ខែមេសា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីការបរទេសជប៉ុន និងបានគូសបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
ពិសេសក្នុងពេលដែលប្រទេសទាំងពីរ កំពុងប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ហើយក៏ស្របនឹងឱកាស ដ៏វិសេសវិសាល នៃព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងខួប អនុស្សាវរីយ៍លើកទី៤ នៃទិវាអន្តរជាតិព្រះពុទ្ធសាសនានៅទីក្រុងកូប៉េ។
លោក តារ៉ូ កូណូ ក៏បានវាយតម្លៃខ្ពស់ចំពោះការវិវត្តដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នៅប្រទេសជប៉ុន ក្នុងខែសីហា ឆ្នាំ២០១៧កន្លងមក ហើយនិងដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់ឥស្សរជនជាន់ខ្ពស់ របស់ក្រសួងការបរទេសជប៉ុន និងទីប្រឹក្សារបស់នាយករដ្ឋមន្រ្ដីជប៉ុន មកកាន់កម្ពុជាថ្មីៗនេះ។
លោករដ្ឋមន្រ្ដីការបរទេសជប៉ុន បានសម្ដែងមនោសញ្ចេតនារីករាយ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការជាលើកទី១នៅកម្ពុជា បន្ទាប់ពីចូលកាន់ការងារ ជារដ្ឋមន្រ្ដីការបរទេសហើយ បានសម្ដែងការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការរីកចម្រើនលើគ្រប់វិស័យ ដែលកម្ពុជាសម្រេចបានដោយប្រៀបធៀបទៅនឹងឆ្នាំ១៩៩២ ដែលលោកបានមកធ្វើទស្សនកិច្ច។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហររបស់ជប៉ុន ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងកម្ពុជាបន្តទៅទៀត។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាគ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌមេគង្គ-ជប៉ុន ក្របខណ្ឌអាស៊ាន-ជប៉ុន ព្រមទាំងក្របខណ្ឌអន្តរជាតិ។
ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគី លោកទេសរដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពដ៏យូរលង់ និងភាពជាដៃគូសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជា-ជប៉ុន ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដែលជប៉ុនបានផ្ដល់មកកាន់កម្ពុជា ក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាក្នុងដំណើរការស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ពិសេសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម អភិបាលកិច្ចល្អ និងរចនាសម្ព័ន្ធរូបវ័ន្ត ដ៏ច្រើនលើសលប់នៅកម្ពុជា៕