(បាត់ដំបង)៖ លោក ហែម ថេង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ បន្តធ្វើពិធីស្រង់ព្រះសិរីមង្គល ជូនលោកយាយ លោកតា អាយុ៧០ឆ្នាំឡើង ចំនួន៥៥៧នាក់ មកពីបណ្តាភូមិនានាទាំង១០ នៅក្នុងបរិវេណវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ហែម ថេង បានថ្លែងថា កម្មវិធីស្រង់ព្រះសិរីមង្គលជូនលោកតា លោកយាយនាថ្ងៃនេះ គឺជាកាគោរពអ្នកមានគុណ ដឹងគុណដល់មាតាបិតា ដើម្បីរំលឹកគុណពួកគាត់ ចាត់ទុកពួកគាត់ជាឪពុក ជាម្តាយ ជាព្រះកន្លោង ដើម្បីឆ្លើយតបនៃការដឹងគុណមាតាបិតាផង ចាស់ព្រឹទ្ធាចារ្យ សុំពរជ័យពីពួកគាត់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ព្រមទាំងនិមន្តព្រះសង្ឃប្រោសព្រហ្ម ប្រសិទ្ធពរជ័យជូនប្រជាការពារទាំងអស់ផង។
លោកប្រធានក្រុមការងារ បានបញ្ជាក់ថា គ្មានអ្វីប្រសើរជាងធ្វើអំពើល្អ ធ្វើបុណ្យជាមួយគ្នានាពេលនេះ ក៏ដូចជាធ្វើបុណ្យទៅថ្ងៃអនាគតបន្តទៀតដែរ គឺត្រូវចេះស្រលាញ់គ្នាដូចឪពុក ដូចម្តាយ ដូចជាកូនចៅតទៅ។
ជាមួយគ្នានោះដែរ លោកប្រធានក្រុមការងារ ក៏បានជូនសម្លៀកបំពាក់ដល់លោកយាយ លោកតាទាំងអស់ ដោយលោកតាបានអាវ១ ខោ១ លោកយាយ បានអាវ១ សំពត់សឹង១ និងថវិកា២ម៉ឺនរៀល៕